(អាមេរិក)៖ លោកឧត្តមសេនីយ៍ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក បានទទួលស្វាគមន៍ និងបង្ហាញទឹកចិត្តសប្បាយរីករាយ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំណាយពេលវេលាមកចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19»។

លោកសង្ឃឹមថា កងកម្លាំងនៃប្រទេសទាំងពីរ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត។ ជំនួបនោះធ្វើឡើងនៅសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូកងទ័ពកម្ពុជា មកចូលរួមសិក្ខាសាលអន្តរជាតិនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានយូរមកហើយលើគ្រប់វិស័យ ចំពោះវិស័យការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានធ្វើការងាររួមគ្នាច្រើននាពេលកន្លងមក ទាំងការជួយឧបត្ថម្ភ ការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នាលើ ប្រធានបទប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការងារមនុស្សធម៍ និងការសង្គ្រោះគ្រោះមហន្តរាយ។ ល។

លោកឧត្តមសេនីយ៍ឯក សង្ឃឹមថាទៅថ្ងៃនាគតទំនាក់ទំនង នៃកងទ័ពប្រទេសទាំងពីរនឹងបន្តរីកចម្រើនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅសហរដ្ឋអាមេរិក ដែលទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ មេបញ្ជាការ នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក

ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួនខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបំរាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ មុននឹងមានទស្សនកិច្ច នៅសហរដ្ឋអាមេរិកនេះ លោកបានបំពេញទស្សនកិច្ច នៅបណ្តាប្រទេសសំខាន់មួយចំនួន ក្នុងនោះរួមមានដូចជា មហាយក្សចិន រុស្ស៉ី និងប្រទេសថៃជាដើម៕