(ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រថ្មីៗចំនួន៦ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC អនុម័តជាស្ថាពរ ឲ្យដំណើរការនៅកម្ពុជា ដើម្បីបង្កើតការងារជូនពលរដ្ឋខ្មែរ ដែលសរុបទុនវិនិយោគរបស់រោងចក្រទាំង៦ មាន២២លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ TTHS RUBBER CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្ប ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៤កន្លែង។
២៖ SAI DI HANDBAG CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៧៥កន្លែង។
៣៖ GARCHI HUNG CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៤កន្លែង។
៤៖ KAMFOR RECYCLE PULP AND PAPER CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២កន្លែង។
៥៖ WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីទ្បូម៉ែត្រលេខ២៧ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០២កន្លែង។
៦៖ KIRIROM FOOD PRODUCTION (K.F.P) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៧កន្លែង៕