ស្រវឹងសូមកុំបើកបរ! ស្លាប់១០នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមេសាម្សិលមិញ
11-04-2019 07:02
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់២០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធុងធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, កត្តាផ្លូវ, កត្តាយាន និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៧នាក់ របួសធ្ងន់១២៥នាក់ និងរបួសស្រាល៤៤នាក់៕