(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិ នានា ធ្វើការសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីឲ្យការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដំណើរការកាន់តែល្អ។
ការអំពាវនាវបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមជាអធិបតីភាព បិទសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយសមិទ្ធផលការងារ១០ឆ្នាំ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការអនុវត្ត កម្មវិធីវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំធ្វើឡើងសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា «ខ្ញុំសូមអំពាវនាវ ដល់ក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានា ដែលមានការពាក់ព័ន្ធ ធ្វើការពិនិត្យលទ្ធភាព សហការជាមួយក្រុម ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីឲ្យការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការងារសិក្សាស្រាវជ្រាវ លើប្រធានបទសំខាន់ៗ អាចដំណើរការទៅបានល្អថែមទៀត»។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានស្នើសុំឲ្យលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់ ដែលបម្រើការរងារនៅក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សូមបន្តប្រឹងប្រែងបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការសិក្សាសា្រវជ្រាវ ដែលក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើកន្លងមក មានសារៈសំខាន់ពាក់ព័ន្ធ នឹងដំណាំរួមផ្សំក្នុងវិស័យកសិកម្ម បសុព្យាបាល និងផលិតកម្មសត្វ ឥណទានមីក្រូហិរញ្ញវត្ថុជាដើម ដែលវាប្រាកដ នឹងជះឥទ្ធិពលលើការអភិវឌ្ឍ ប្រទេសជាតិ និងលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋជាមិនខាន។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សូមលើកទឹកចិត្ត ឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បន្តការងារនេះ ឲ្យបានសកម្មថែមទៀត។
ក្នុងនាមថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានសម្រេចសមិទ្ធផលជាច្រើន ក្នុងរយៈពេល១០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន និង សូមអរគុណធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឧបត្ថម្ភក្នុងការរៀបចំសិក្ខាសាលានេះឡើង។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងសិក្ខាសាលាថ្ងៃនេះ មានក្រសួងចំនួន២ បានធ្វើបទបង្ហាញអំពីការអនុវត្ត RIA ដែលបានផ្តល់អត្ថប្រយោជន៍ ដល់ការរៀបចំលិខិតបទដ្ឋានដល់ក្រសួងរៀងៗខ្លួន។ ចំពោះក្រសួងស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ RIA គប្បីចាប់ផ្តើម រៀបចំក្រុមការងារ RIA នេះឡើងទៅតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នោះផង។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏សូមអរគុណដល់ ADB ដែលតែងតែគាំទ្រ និងផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់កម្មវិធី RIA តាំងពីឆ្នាំ២០០៨ មកដល់សព្វថ្ងៃនេះ នាំឲ្យការងារ RIA នេះ ដំណើរការទៅបានល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានស្នើឲ្យ ADB បន្តគាំទ្រកម្មវិធីនេះ តទៅទៀត ដើម្បីឲ្យការងារអនុវត្ត RIA បានទូលំទូលាយដល់ក្រសួងស្ថាប័នដទៃទៀតផង ព្រោះការងារនេះ ត្រូវការបន្តបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានគ្រប់គ្រាន់នៅតាមក្រសួងស្ថាប័ន៕