(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបប៉ោយប៉ែត (China poipet satellite City) នឹងដាក់ឱ្យដំណើរការរថយន្តក្រុង ជូនពលរដ្ឋ ធ្វើដំណើរបានយ៉ាងងាយស្រួល ជាមួយនឹងការចំណាយទាប បង្កើតនូវសុវត្ថិភាពខ្ពស់ និងអាចបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជាមួយនឹងការជិះរថយន្តក្រុងពីទីក្រុងរណបប៉ោយប៉ែត ឆ្ពោះត្រង់ទៅដល់ទីក្រុងប៉ោយប៉ែត បានយ៉ាងងាយស្រួល ដែលមានរថយន្តក្រុងវិលជុំត្រឹមតែ១៥នាទីតែប៉ុណ្ណោះ។
គម្រោងដាក់ឱ្យដំណើរការរថយន្តក្រុងនេះ នឹងអាចតភ្ជាប់ក្រុងប៉ោយប៉ែត ជាមួយនឹងគម្រោងទីក្រុងរណបប៉ោយប៉ែត ដូចទៅនឹងប្រទេសផ្សេងៗទៀត ដែលនេះបានបញ្ជាក់ថា បន្ទាប់ពីដំណើរការឡានក្រុង នៅក្នុងរាជធានីភ្នំពេញ គឺមានការដាក់ឱ្យដំណើការនៅទីក្រុងប៉ោយប៉ែតមួយទៀត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យពលរដ្ឋក្នុងតំបន់នោះមានការចំណាយទាប និងដើម្បីបង្កើតនូវសុវត្ថិភាព ដែលការដាក់ឱ្យដំណើរការរថយន្តក្រុងនៅក្នុងតំបន់ប៉ោយប៉ែតនេះ អាចនឹងល្អជាងនៅទីក្រុងភ្នំពេញ ព្រោះស្ថានភាពផ្លូវមិនសូវចង្អៀត ដូចនៅក្នុងរាជធានីភ្នំពេញនេះទេ។
នៅក្នុងការដាក់ឱ្យដំណើរការឡានក្រុងនេះ នឹងដាក់ឱ្យដំណើរការពេញមួយថ្ងៃ ដោយទុកឱ្យមានរយៈពេលរង់ចាំត្រឹមតែ១៥នាទីប៉ុណ្ណោះ នឹងមានរថយន្តមួយគ្រឿងមកដល់ ហើយវិលជុំយ៉ាងដូចនេះពេញមួយថ្ងៃតែម្តង ដែលនេះជាការរៀបចំឱ្យដូចទៅនឹងប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត ជាមួយនឹងការចំណាយដ៏ទាបបំផុត ដែលអាចឱ្យពលរដ្ឋរស់នៅតំបន់គម្រោងអភិវឌ្ឍន៍ China poipet satellite City អាចធ្វើដំណើទៅដល់ក្រុងប៉ោយប៉ែតបានយ៉ាងងាយស្រួល។
គម្រោងដាក់ឱ្យដំណើរការរថយន្តក្រុងនេះ នឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីចុងខែនេះទៅ ក្នុងនោះ៣ខែដំបូង គឺមិនមានការកគិតលុយនោះទេ ហើយបន្ទាប់ពី៣ខែនេះ និងមានការគិតលុយក្នុងម្នាក់តែ ២,០០០ រៀលតែប៉ុណ្ណោះ៕