(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបួងសួង ក្រុងពាលី រៀបចំសង្ក្រាន្តឆ្នាំថ្មី សុំសេចក្តីសុខសប្បាយ ដល់ជនរួមជាតិប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីត្រៀមទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក សួន បវរ អភិបាលខេត្ត និងលោកស្រី សុង ផល្លីន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងម្លាំង ប្រដាប់អាវុធប្រជាពលរដ្ឋ បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខសប្បាយនៅទីសក្ការៈបូជា មានអាសនៈលោកតា ឈួន ថែរក្សា នៅសាលាខេត្តស្តូបលោក កេស្វរៈ ស្តូបសក្ការៈ អ្នកម៉ែគ្រប់លក្ខ័ និងស្តូបព្រះបាទជ័យវរ័្មន សួនមានជ័យ។

លោក សួន បវរ បានថ្លែងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩នេះ សភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក តែងតែរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីលើករួចមក ហើយព្រឹត្តិការណ៍នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ បាននាំគ្នាទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត យ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត បានបន្តថា សង្ក្រាន្ត គឺជាព្រឹត្តិការណ៍ នៃការជួបជុំរបស់យុវជន និងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរកំសាន្តសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានបង្ហាញអំពីភាពស្និតស្នាលកក់ក្តៅក្នុងមហាសង្គមខ្មែរ នៃក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ផងដែរ។

លោក សួន បវរ បានបញ្ជាក់ដែរថា ពិធីក្រុងពាលីនេះ គឺត្រូវបានរៀបចំឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ និងរក្សាពិធីកម្មតាំងពី បូរាណមកក្នុងនេះមួយផ្នែកសម្រាប់ថ្វាយព្រះភូមិ និងមួយផ្នែកទៀត សម្រាប់ថ្វាយក្រុងពាលី ហើយទាក់ទងទៅនឹងការប្រារព្ធពិធីក្រុងពាល់នេះ គឺមានប្រវត្តិនិទាន និងត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ដោយគេឃើញជាក់ស្តែងថាពុទ្ធបរិស័ទតែងមានជំនឿទៅលើពិធីកម្មនេះ ជាចេតនាកម្មមុននឹងធ្វើពិធីផ្សេងៗ៕