(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២២៤បណ្ណ ដែលកំពុងស្នាក់នៅក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សំរាប់យកទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងក្នុងភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ថេង សុថុ ល អភិបាលរងខណ្ឌច្បារអំពៅ និងលោក លឹម ពី ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណ២០០នាក់។
លោក ចេង មុនីរ៉ា បានថ្លែងថា «ថ្ងៃនេះធ្វើការចែកជូនបណ្ណដល់ប្រជាពលរដ្ឋចំនួន ២២៤បណ្ណ ហើយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយាដី នឹងបន្តនៃយុទ្ធនាការចែកបណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលគាត់បានរស់នៅតាមបុរី ផ្ទះល្វែងកន្លងមក មិនទាន់មានបណ្ណកម្មសិទ្ឋិ។
ក្នុងនោះលោកអភិបាលខណ្ឌ បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលបណ្ណកម្មសិទ្ធិទាំង២២៤គ្រួសារ ឬខ្នងផ្ទះដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀល ប៉ុណ្ណោះទទួលបានបណ្ណ។ ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែម្តងលើកចុងក្រោយ។ សូមបងប្អូន អញ្ជើញទៅបង់ពន្ឋឲ្យបានមុនខែកក្កដា ឆ្នាំ២០១៩ បើហួសខែកក្កដានេះតម្លៃពន្ឋនឹងមានការប្រែប្រួល។
លោក លឹម ពី ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ប្រជាពលរដ្ឋ បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់។
លោកបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ ។
លោក លឹម ពី បន្ថែមថា កន្លងមករដ្ឋបាលខណ្ឌ និងការិយាល័យភូមិបាល បានចុះបំបែកក្បាលដី និងធ្វើបណ្ណកម្មសិទ្ឋិជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបុរី បានចំនួន ៧បុរី ស្មើ ១២៧៥បណ្ណ ។ ដោយឡែកថ្ងៃនេះ បានចែកជូន ២២៤បណ្ណ រស់នៅក្នុងបុរីជ្រោយបាសាក់ និងកំពុងបន្តចុះវាស់វែង ធ្វើបណ្ណជូនប្រជាពលរដ្ឋ នៅបុរីតាងៅទៀត៕