(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណែង ជាផ្លូវការ អភិបាលរងស្រុកត្បូងឃ្មុំថ្មី គឺលោក សេង សុខខឿន ជំនួសលោក កេង ប៊ុណ្ណា ពីអភិបាលស្រុកត្បូងឃ្មុំ មកជាអភិបាលរងខេត្តត្បូងឃ្មុំ ជាមួយគ្នានោះ ប្រកាសលោក ជឺ អាន ជាអភិបាលរងស្រុកត្បូងឃ្មុំផងដែរ។
នៅក្នុងពិធីប្រកាសតែងតាំងអភិបាល អភិបាលរងស្រុកត្បូងឃ្មុំថ្មីនេះ ក៏មានការចូលរួមពី ប្រតិភូក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។
ជាមួយគ្នានេះដែរ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី បានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។
លោកអភិបាលខេត្ត បានស្នើរឱ្យលោកអភិបាលស្រុក ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពស្រុក ត្រូវរក្សាសន្តិភាពឱ្យខានតែបាន ក្នុងនោះសន្តិសុខសណ្តាប់ធ្នាប់ ត្រូវធានាឱ្យបានជូនប្រជាពលរដ្ឋ ពិសេសត្រូវមានចំណាត់ការភ្លាមៗ ទៅលើជនអគិមួយចំនួនតូច ដែលមានគំនិតអាក្រក់កំពុងធ្វើ និងបន្តធ្វើទង្វើគ្រប់រូបភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម ។
ត្រង់ចំណុចនេះ លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់លោក អភិបាល អភិបាលរងស្រុកថ្មី ត្រូវសហការជាមួយលោកមេឃុំ មេភូមិ ត្រូវក្តាប់ឱ្យបានជនអគតិទាំងនេះ ដែលមានសកម្មភាព ក្នុងទឹកដីស្រុកត្បូងឃ្មុំ ដោយចាត់ការជាបន្ទាន់ កុំឱ្យជនទាំងនេះបង្កចលាចល ធ្វើឱ្យអសន្តិសុខក្នុងភូមិឃុំ-ស្រុក-ខេត្ត ក៏ដូចជាទូទាំងប្រទេស។
ជាមួយគ្នានេះផងដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឱ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នាសាមគ្គីគ្នា ដើម្បីដឹកនាំការងារ ក្នុងស្រុកឱ្យទទួលបានជោគជ័យ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឱ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព ព្រមទាំងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បំផុសឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន សម្អាតអនាម័យជុំវិញស្រុកត្បូងឃ្មុំ និងបំពេញឱ្យបាននូវតម្រូវការចាំបាច់របស់ពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូន។
នាឱកាសនោះ បន្ទាប់ពីទទួលត្រារួចហើយ លោក សេង សុខខឿន អភិបាលស្រុកទើបឡើងកាន់តំណែងថ្មី និងលោក ជឺ អាន បានប្តេជ្ញាចំនួន៥ចំណុច ក្នុងនោះរួមមាន៖
ទី១៖ អនុវត្តឱ្យបានជាដាច់ខាតនូវរាល់គោលនយោបាយ ច្បាប់ សារាចរណែនាំ លិខិតបទដ្ឋាននានានៃរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអនុសាសន៍ណែនាំនានារបស់ថ្នាក់ដឹកនាំ, ទី២៖ ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល និងមន្ត្រីក្រោមឱវាទឱ្យបានល្អប្រសើរ បង្កើនទំនាក់ទំនងឱ្យបានស្អិតរមួតជួយយកអាសារគ្នាទៅវិញទៅមកជាមហាគ្រួសាររដ្ឋបាលស្រុកដ៏កក់ក្តៅ , ទី៣៖ សហការបំពេញការងារ ឱ្យបានល្អប្រសើរជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក, ទី៤៖ យកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារស្មោះត្រង់បម្រើជាតិមាតុភូមិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិជាធំ និងទី៥៖ ខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕