(ព្រះសីហនុ)៖ គណៈប្រតិភូបញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកប្រជាជនប្រទេសវៀតណាម បានមកបំពេញទស្សនកិច្ចការងារ នៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ដោយធ្វើដំណើរតាមនាវាយោធា១គ្រឿង ចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្រ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
នាឱកាសនោះ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រច្រើនរូបទៀត បានចេញមកទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាមួយប្រតិភូវៀតណាម។
មន្ត្រីកងទ័ពជើងទឹកថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពជើងទឹកវៀតណាម បានចូលជួបសំណោះសំណាលសួរសុខទុក្ខ និងជូនពរ ថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា ព្រមជូនពរនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកកម្ពុជា។
ក្នុងនោះដែរ គណៈប្រតិភូវៀតណាម ក៏នឹងចូលរួមកម្មវិធីសម្ពោធសមិទ្ធផលមួយចំនួន ដែលជាគម្រោងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងចូលរួមកិច្ចប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការល្បាតតាមសមុទ្ររួមគ្នា រវាងកងទ័ពជើងទឹកទាំងពីរប្រទេស ដែលភាគីទាំង២ បានអនុវត្តជាបន្តបន្ទាប់នាពេលកន្លងមក៕