(ត្បូងឃ្មុំ)៖ ក្រុមហ៊ុនទឹកពិសារវិតាល់ ក្រៅពីចូលរួមក្នុងកិច្ចការមនុស្សធម៌ជួយដល់ជនទីទាល់ក្រ រ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីស្រង់ព្រះងសង្ឃហធម៌ ដ៏ធំបំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដល់ដូនចាស់ជរាក្រីក្រ ទាំងអ្នកខ្លះពិការផងប្រមាណជាង៣១០នាក់ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលសង្ឃហធម៌ ប្រាក់ឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបព្រះពុទ្ធសាសនា ពីសំណាក់សមាជិក-សមាជិកា នៃក្រុមហ៊ុនទឹកពិសាវីតាល់។
ការប្រារព្ធកម្មវិធីស្រង់ព្រះធំបំផុត ប្រចាំឆ្នាំរបស់វីតាល់នេះ គឺបានចាប់ផ្ដើមមានតាំងតែពីឆ្នាំ២០១៦មកម៉្លេះ។ កម្មវិធីសប្បុរសធម៌ធំនេះ បានផ្សារភ្ជាប់កម្មវិធី សប្បុរសធម៌ជាមួយ និងព្រះពុទ្ធសាសនា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមក ដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពិធីស្រង់ព្រះធំប្រចាំឆ្នាំលើកនេះ ប្រារព្ធទៅនៅវត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ដែលជាតំបន់ក្រីក្រនៃខេត្តត្បូងឃ្មុំ ដែលសព្វថ្ងៃកំពុងទទួលភាពរាំងស្ងួតខ្លាំង។
ដូនចាស់ជរាដែលមានជីវភាពក្រីក្រ ដែលបានអញ្ជើញមកទទួលសង្ឃហធម៌ មានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ មានជីវភាពលំបាក ខ្វះមុខខ្វះក្រោយ ចំណែកឯដូនចាស់មួយចំនួនទៀត កំពុងរស់នៅក្នុងសភាពពិការ និងធ្លាក់ខ្លួនឈឺ ដែលកំពុងតែត្រូវការជំនួយមនុស្សធម៌។ ដោយហេតុបែបនេះ ហើយទើបក្រុមហ៊ុនដែលល្បីខាងសកម្មភាព សប្បុរសធម៌វីតាល់ ប្រារព្ធពិធីសង្ឃហធម៌ និងស្រង់ព្រះជូនសិរីសួស្តីឆ្នាំថ្មីជូនលោកតា លោកយាយ។
នៅក្នុងឱកាសនេះដែរ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានថ្លែងថា ក្នុងនាមលោកស្រី ជាប្រជាជនខ្មែរ កាន់ព្រះពុទ្ធសាសនាមួយរូប លោកស្រីយល់ច្បាស់ពីសារៈសំខាន់នៃកម្មវិធីស្រង់ព្រះ ដែលលោកស្រី និងក្រុមគ្រួសារតែងតែប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីសន្សំកុសលផលបុណ្យ និងជម្រើនព្រះជន្ម និងផ្តល់សិរីសួស្តីដល់ចាស់ជរាគ្មានទីពឹង ក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរ ខិតចូលមកដល់ឆាប់ៗនេះ។
លោកស្រី អ៊ឹម បូលីកា សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វីតាល់ក៏បានសម្តែង ភាពសប្បាយរីករាយ ចំពោះកម្មវិធីស្រង់ព្រះធំបំផុត ប្រចាំឆ្នាំនេះ ដែលបានទទូលការសាទរយ៉ាងខ្លាំងពីដូនចាស់ទាំង៨ភូមិដែលនេះ គឺជាការលើកទឹកចិត្តឱ្យវីតាល់ បន្តធ្វើកម្មវិធីមនុស្សធម៌បែប បន្ថែមឱ្យកាន់តែច្រើនបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះលោកស្រីក៏សម្ដែងការអគុណ ចំពោះក្រុមការងារសាលាឃុំឈូក ដែលបានជួយសម្រួលដល់ការប្រារព្ធកម្មវិធីនេះ បានយ៉ាងរលូនផងដែរ។
កម្មវិធីស្រង់ព្រះវីតាល់ឆ្នាំនេះ គឺពិតជាមានលក្ខណៈពិសេសជាងកម្មវិធីរាល់ឆ្នាំ ត្រង់ថាដូនចាស់ទាំង៣១០នាក់នឹង ទទួលបានការ (ស្រង់ព្រះ) ងូតទឹកស្អាតខ្លួនបែបព្រះពុទ្ធសាសនា បន្ថែមពីនេះទៅទៀត ពួកគាត់ក៏នឹងទទួលបានខោអាវថ្មីមួយកំផ្លេ ក្រមា អង្ករ១០គីឡូ ទឹកវីតាល់ ទឹកដោះគោខាប់ ឆៃពៅ ស្បែកជើង ប្រេងកូឡា ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ ទឹកត្រី អបិល និងស្ករស ព្រមទាំងថវិកាមួយចំនួន សម្រាប់សម្រាលជីវភាព ក្នុងរដូវកាលឆ្នាំថ្មី នឹងមកដល់ក្នុងពេលដ៏ខ្លីនេះ។ លើសពីនេះទៅទៀត លោកតា-យាយ ក៏ទទួលបានការពិសាភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំឡើងដោយបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។
បន្ទាប់ពីទទួលបានការស្រង់ព្រះ នឹងផ្លាស់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតរួចមក លោកយាយម្នាក់ឈ្មោះ យុលី ហេង អាយុ៨៣ឆ្នាំ បានសម្តែងភាពសប្បាយរីករាយថា «ថ្ងៃនេះយាយសប្បាយចិត្តណាស់ ព្រោះបានអំណោយច្រើន ហើយអាហារគេឆ្ងាញ់ៗទៀត អ្នកធ្វើបុណ្យឱ្យគេបានធ្វើពិធីស្រង់ព្រះ ឱ្យទៀតយើងមិនជាប់សាច់ឈាមអីហ្នឹងគ្នាផង យាយពិតជារំភើបមែនទែន»។
កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរ អនុវត្តតាំងតែពីដើមមក ដោយមានជំនឿថា ការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសល បានច្រើនក្នុងផ្លូវ ព្រះពុទ្ធសាសនា ព្រោះចាស់ ព្រឹទ្ធចារ្យ គឺប្រៀបបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់ បានពាំនាំនូវមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ ទៅអតិថិជនវីតាល់វិញ តាមរយៈការចូលរួមចាប់មគ្គផល២៥៛ ក្នុងការជាវទឹកវីតាល់មួយដប។
វីតាល់ សង្ឃឹមថាវីតាល់នូវតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេស ដើម្បីឱ្យយើងមានមូលនិធិនេះ បន្តលើគម្រោង នៃកម្មវិធីស្រង់ព្រះជារៀងរាល់ឆ្នាំ និងលើសកម្មភាពមនុស្សធម៌ដទៃផ្សេងទៀត៕