(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានទទួលជួបសវនាការ និងសំដែងការគួរសម ជាមួយលោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន នៃអង្គការសហប្រជាជាតិ (UN-ESCAP) ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល០៣ថ្ងៃ នៅកម្ពុជា គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង UN-ESCAP ដើម្បីគោលដៅរួម ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោកស្រីបណ្ឌិត និងបានជម្រាបជូនភ្ញៀវ អំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដោយក្នុងនោះ កម្ពុជាបានរៀបចំនូវ «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (គ.អ.ច.ក.) -Cambodia Sustainable Development Goals-CSDGs» ដែលមាន១៨គោលដៅ, ៨៨ចំណុចដៅ និង១៤៨ សូចនាករ ហើយដែលនឹងត្រូវចូលរួមអនុវត្ត ទៅតាមសមត្ថកិច្ចនៃក្រសួង-ស្ថាប័ននានា។
ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ គឺជាធាតុចូលដ៏សំខាន់ សម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលផ្តោតលើគោលដៅយុទ្ធសាស្រ្តសំខាន់ៗ ចំនួន៤ រួមមាន៖ កំណើនការងារ, កាត់បន្ថយភាពក្រីក្រ, សមត្ថភាពស្ថាប័ន សាធារណៈ និងការពង្រឹងអភិបាលកិច្ច។
ទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់, យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏បានផ្សារភ្ជាប់ «គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា» ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈ ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ការអប់រំ និងជំនាញវិជ្ជាជីវៈ, ការលើកកម្ពស់សេវាសាធារណៈ និងអាហារូបត្ថម្ភ រួមទាំងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។
ជាមួយគ្នានេះ «ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ ២០១៦-២០២៥» ត្រូវបានអនុម័ត ក្នុងគោលបំណងធានាសន្តិសុខប្រាក់ចំណូល និងការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាពនិងពង្រឹងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
លោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក៏បានជម្រាបជូន អំពីគម្រោងសហប្រតិបត្តិការនានា របស់ UN-ESCAP ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាសមាជិក ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះ មានកិច្ចសហប្រតិបត្តិការ ជាជំនួយបច្ចេកទេស, កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា គោលនយោបាយកែទម្រង់សារពើរពន្ធជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំ UN-ESCAP ជួយបណ្តុះបណ្តាល និងពិនិត្យលទ្ធភាពជ្រើសរើសមន្រ្តីកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង UN-ESCAP និងបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររបស់ UN-ESCAP ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងបានជូនពរលោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ UN-ESCAP ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា៕