(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន អមដំណើរដោយ លោក ហែម ឬទ្ធី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចុះសំណេះសំណាល និងប្រគល់ផ្ទះ៨ខ្នងដល់អតីតយុទ្ធជនចំនួន៨គ្រួសារ នៅខេត្តប៉ៃលិន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់អតីតយុទ្ធជន ដោយបានផ្តល់ដីសម្បទាន សម្រាប់សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលដល់សមាជិក ដែលមានការខ្វះខាត ព្រមទាំងបានដំឡើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការ ដែលកំពុងបម្រើការងារផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា តាមរយៈស្មារតីនៃការទទួលខុសត្រូវ និងយកចិត្តទុកដាក់នេះ សម្តេចតេជោ សែន បានជួយសាងសង់ផ្ទះសម្បែងផ្តល់ដីបង្កបង្កើនផល ព្រមទាំងការឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីឱ្យអតីតយុទ្ធជន មានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមតម្រូវការរៀងៗខ្លួន។ លោកបានរំលឹកទៅដល់អតីតយុទ្ធជនថា ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្ត និងផ្តល់ឱកាសឲ្យសង្គមជាតិ ទទួលបានការអភិវឌ្ឍហើយប្រជាពលរដ្ឋមានជីវភាពធូរធារ។
បើតាមរបាយការរបស់ លោកឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ បានឱ្យដឹងថា ផ្ទះដែលត្រូវបានប្រគល់ជូនអតីតយុទ្ធជនពេលនេះ មានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី។ អតីតយុទ្ធជន ដែលទទួលបានលំនៅឋានរួមមាន ភូមិក្បាលព្រលាន ចំនួន០១ខ្នង, ភូមិអូរដូនតា ចំនួន០១ខ្នង, ភូមិអូរប្រើស ចំនួន០២ខ្នង, ភូមិអូរស្ងួត ចំនួន០១ខ្នង, ភូមិផ្សារព្រំ ចំនួន០១ខ្នង, ភូមិថ្នល់ទទឹង ចំនួន០១ខ្នង, និងភូមិបរយ៉ាខា ចំនួន០១ខ្នង និងអំណោយមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មី០១កេះ, ត្រីខ ០១យួរ, ទឹកសុទ្ធ០៥យួរ និងថវិកាម្នាក់ៗ ៥០ម៉ឺនរៀលផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕