(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ BELTEI International Collaboration Conference 2019 (ប៊ិចស៊ី២០១៩៖ BICC 2019) ក្រោមប្រធានបទ «ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់សិស្ស-និស្សិតកម្ពុជា» ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យល្បីៗ ចំនួន២៤ មកពី៨ប្រទេសជុំវិញពិភពលោក។
លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បានលើកឡើងថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ពោលបន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការរៀបចំជាលើកដំបូង ក្នុងឆ្នាំ២០១៨ កន្លងទៅ។ លោកបន្ថែមថា ប៊ែលធី គ្រុប មានសេវាកម្ម៣ធំៗ គឺប៊ែលធីសំណង់, ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ (ក្នុងនោះមាន សាលាប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងប៊ែលធី ទំនាក់ទំនងអន្តរជាតិ)។
លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ លោកប្រធានគណៈអធិបតី និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង២៤ មកពី៨ប្រទេសជុំវិញពិភពលោក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ។
លោក លី ឆេង ក៏បានជម្រាបផងដែរថា សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩រៀបចំឡើងក្នុងគោលបំណង៖
ទី១៖បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស
ទី២៖ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានាជូនសិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
ទី៣៖បង្កើតវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានសិក្សាដែលបានចូលរួម
ទី៤៖ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ទៅសិក្សានៅបរទេស
ទី៥៖បង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឲ្យបានកាន់តែច្រើន
ទី៦៖ធ្វើឲ្យមានភាពប្រសើរឡើងនូវកិត្តិនាមរបស់គ្រឹះស្ថានអប់រំ ទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក។
ក្នុងឱកាសនោះដែរ លោក យក់ ង៉ុយ ក៏បានថ្លែងកោតសរសើរ លោកបណ្ឌិត លី ឆេង ចំពោះការខិតខំរៀបចំឲ្យមានសន្និសីទ ជាលក្ខណៈអន្តរជាតិនេះឡើង ដែលបានជួយលើកតម្កើងកិត្យានុភាព ប្រទេសជាតិយើងទៅកាន់ពិភពលោក និងបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនធនធានមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន២ធំៗ រួមមាន ទី១៖ជំរុញគុណភាពអប់រំ ប្រកបដោយគុណភាពល្អ និងលើកទឹកឲ្យមានការសិក្សាពេញមួយជីវិត និងទី២៖ជំរុញឲ្យការគ្រប់គ្រងល្អ ចំពោះគុណភាពការសិក្សា។ លោកបន្ដថា ការរៀនមិនត្រឹមតែរកការងារធ្វើតែប៉ុណ្ណោះទេ គឺរៀនដើម្បីកសាងប្រទេសជាតិ ជាពិសេសការពារទឹកដីផងដែរ ហើយសិស្សានុសិស្សមានវិន័យ នៅសាលារៀនល្អ នៅពេលចេញទៅរកការងារធ្វើកន្លែងណា ក៏គេទទួលយកធ្វើការងារដែរ ខណៈប្រទេសដែលមានភាពជឿនលឿន គឺជាប្រទេសដែលមានការគោរពវិន័យផងដែរ។
លោកបន្ថែមថា វិន័យបានដើរតួយ៉ាងសំខាន់នៅក្នុងជិវិតរបស់ប្រជាពលរដ្ឋ ជីវិតសាលារៀន ដូច្នេះសាលារៀនណាមួយមានវិន័យល្អ សាលារៀននោះ ពិតជាការសិក្សាខ្លាំងហើយ។ ដូច្នេះលោកអំពាវនាវទៅដល់សិស្សានុសិស្សថា «សូមក្មួយៗត្រូវមានការយកចិត្តទុកដាក់ គោរពតាមវិន័យដែលសាលាដាក់ឲ្យ ដើម្បីអភិវឌ្ឍន៍ខ្លួន ដើម្បីអភិវឌ្ឍន៍នៅពេលអនាគតខ្លួនឯង ដូច្នេះក្មួយៗមានវិន័យ និងមានអនាគតហើយ»។
សូមជម្រាបថា បច្ចុប្បន្ន ប៊ែលធីគ្រុប មានបុគ្គលិកបម្រើការជាង២,៥០០នាក់ និងសិស្ស-និស្សិត៤២,៨១០នាក់។ សាលា ប៊ែលធី អន្តរជាតិ៖ មាន២២ទីតាំង (២០ទីតាំង កំពុងដំណើរការ និង២ទីតាំងកំពុងសាងសង់)។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន២ទីតាំង (ទីតាំងកំពុងដំណើរការ ស្ថិតនៅអគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមួយទៀត ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់)។
សាកលវិទ្យាល័យ មានកម្មវិធីសិក្សាពីរធំៗ កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស១០០%។ ថ្មីៗនេះ សាកលវិទ្យាល័យក៏បានបើកថ្នាក់ បំប៉នភាសាចិន និងភាសាជប៉ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ៖ មានបម្រើសេវាកម្ម៥សំខាន់ៗ៖ ១៖បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធី ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង, ២៖បញ្ជូនសិស្ស-និស្សិតកម្ពុជា ដែលមានលទ្ធភាពបង់ថ្លៃសិក្សានៅក្រៅប្រទេស, ៣៖បញ្ជូនសិស្ស-និស្សិតទូទៅ ធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស, ៤៖កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិត និងចុះកម្មសិក្សានៅក្រៅប្រទេស និង៥៖ប្រឹក្សាយោបល់ និងរៀបចំទិដ្ឋាការទៅក្រៅប្រទេស៕