(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានរៀបចំបើកសន្និបាតបូកសរុបសម្ធិទផលសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង, លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ និងមន្ត្រីរាជការគ្រប់ស្ថាប័ន និងអង្គការជាដៃគូរសុខាភិបាលផងដែរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងថា អភិបាលកិច្ចប្រព័ន្ធសុខាភិបាល បានផ្តោតទៅលើការលើកកម្ពស់តួនាទីដឹកនាំ សមត្ថភាពនិយ័តកម្ម និងការសម្របសម្រួល សហការអន្តរវិស័យ និងការចូលរួមរបស់សហគមន៍ក្នុងការពិនិត្យតាមដានប្រសិទ្ធិភាព នៃការផ្តល់សេវាសុខាភិបាល តាមរយៈការចុះអភិបាលជាប្រចាំ របស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងវេទិការសាធារណៈ។ ការពង្រីកការអនុវត្តច្បាប់គ្រប់គ្រងសេវាសុខាភិបាលឯកជន ដោយក្នុងនោះផងដែរហើយមន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងតាមដានសេវាឯកជន ឱសថស្ថានរង និងកន្លែងលក់ឱសថបុរាណ។
លោក ទៅ ម៉ឹង បានបញ្ជាក់ថា មន្ទីរសុខាភិបាលនឹងបន្តទិសដៅការងារឆ្នាំ២០១៩ ដើម្បីបន្តលើកកំពស់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល២០១៦ ដល់២០២០ ក្នុងវិស័យសុខាភិបាលក្នុងខេត្តដើម្បីពង្រឹងលទ្ធភាពជូនប្រជាពលរដ្ឋ ទទួលបាននូវការប្រើប្រាស់សេវាអប់រំ លើកកំពស់សុខភាពសេវាបង្គោល ការព្យាបាល និងថែទាំស្តារនីតិសម្បទាប្រកបដោយគុណភាព សុខភាពប្រសិទ្ធិភាពនិងសមធម៌។
លោកស្រី ឈុន រ៉ាវុធ បានថ្លែងថា មន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរក និងដោះស្រាយឲ្យបានទាន់ពេលនូវឬសគល់នៃបញ្ហាទាំងអស់ ដែលបានកើតឡើងក្នុងរបាយការណ៍សមិ្ធទផលវិស័យសុខាភិបាល ហើយចាំបាច់ត្រូវដោះស្រាយរាលបញ្ហាទាំងនេះ ឲ្យមានប្រសិទ្ធិភាព និងនិរន្តភាពប្រកបដោយទទួលខុសត្រូវខ្ពស់បំផុត។
លោកស្រីបានបន្តថា មន្ត្រីសុខាភិបាលត្រូវតាមដាន និងត្រួតពិនិត្យបានជាប់ជាប្រចាំការធ្វើអនាម័យចំណីអាហារ សម្រាប់សុខភាពមនុស្សជាតិ គឺជាកិច្ចការមិនត្រូវពន្យាពេល ឬអែរអង់ឡើយ គ្រប់អាហារដ្ឋាន ភោជនីដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ត្រូវតែមានការត្រួតពិនិត្យអនាម័យពីមន្ទីរសុខាភិបាល ព្រោះថាកក្តាជំងឺភាគច្រើន គឺកក្តាខ្វះកាអនាម័យ អាហារដែលមានលាយសាធាតុគីមី ទាំងពេលផលិតការវេចខ្ចប់ការចែកចាយ និងពេលទទួលទានអាហារ ដូចនេះត្រូវគិតពីចំណីអាហារមុនពេលផលិត ពេលគិតពីការប្រើប្រាស់ឱសថ ហើយអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ត្រូវគិតពីចំណីអាហារ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តពិសេសលើការងារបន្ទាន់ ដែលផ្នែកសុខាភិបាលតម្រូវការ៕