(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០១៩ នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កំពុងបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន។ លោកអះអាងថា ប្រតិភូកម្ពុជាបានទទួលលទ្ធផលជាវិជ្ជមាន ដោយទទួលការវិនិយោគបន្ថែម និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រមទាំងការអភិវឌ្ឍរោងចក្រយីហោល្បីៗថែមទៀត។
លោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដោយផ្នែកលើទំនុកចិត្តពីដៃគូពាណិជ្ជកម្មដ៏ធំនៃខេត្តក្វាងទុង ដែលកំពុងដំណើរការរកស៉ីក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនវិនិយោគធំៗ បានមកបោះទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះដែរ ខេត្តកំពង់ស្ពឺ ក៏ជាខេត្តដែលមានរោងចក្រកាត់ដេរ និងរោងចក្រផលិតកាបូប ស្បែកជើងប្រមាណជា ១២១រោងចក្រ ដែលធ្វើប្រជាពលរដ្ឋមានការងារជាច្រើនដែរ។
តាមរយៈសារអេឡិចត្រូនិច តេឡេក្រាម ពីខេត្តក្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន លោក វ៉ី សំណាង បានបញ្ជាក់ថា ដំណើរទស្សនកិច្ច កៀរគរនិយោគពីក្រុមប្រតិភូខេត្តកំពង់ស្ពឺ លើកនេះមានក្រុមហ៊ុនធំៗនិងមកវិនិយោគបន្ថែមសរុប១៥ក្រុមហ៊ុន។ ដោយឡែកថ្ងៃនេះ ក្រុមការងារបានជួបពិក្សាជាមួយក្រុមហ៊ុនមានបំណងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺចំនួន០៩ រួមមាន៖
*ទី១៖ នៅរោងចក្រ Speedy Global ស្ថិតនៅសង្កាត់ឆាងអាន ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហើយនៅឆ្នាំ២០១៩ នេះ ក្រុមហ៊ុននេះ នឹងដំឡើងរោងចក្រមួយ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មសរុប ៨០០០នាក់ ព្រមទាំងដាក់ស្លាក (Logo) លើអាវខាងមុខថា Cambodia ម្ខាង និងកំពង់ស្ពឺម្ខាង ហើយសម្លៀកបំពាក់នេះនឹងនាំទៅអ៉ឺរ៉ុប។
*ទី២៖ មានក្រុមហ៊ុនដៃគូចំនួន ៣កន្លែងទៀតមានផលិតដំណាប់ផ្លែឈើ ស្លាកសញ្ញាសម្លៀកបំពាក់ និងអចលនទ្រព្យ ក្នុងមួយកន្លែងត្រូវការកម្លាំងពលកម្ម ៨០០០នាក់ សរុប ២៤,០០០នាក់។
*ទី៣៖ ក្រុមហ៊ុនទូរស័ព្ទចំនួន ២គឺ OPPO និង VIVO នឹងត្រូវសាងសង់អាគារកម្ពស់ ១០០ ទៅ២០០ម៉ែត្រ នៅខេត្តកំពង់ស្ពឺ ដើម្បីដំណើរការវិនិយោគរបស់ខ្លួន។
*ទី៤៖ ការវិនិយោគរបស់ក្រុមហ៊ុនរោងចក្រថ្មីរបស់ចិន តាមរយៈក្រុមហ៊ុន ដែលទទួលបានការទាក់ទាញពី លោកអភិបាលខេត្ត មានទុនប្រមាណ ២០០០លានដុល្លារអាមេរិក។
*ទី៥៖ ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេង ត្រូវការកម្លាំងពលកម្ម ៩០០០នាក់។
*ទី៦៖ ក្រុមហ៊ុន ហ្វីចូវ នៅក្រុងហ្វីចូវ ផលិតអាវចាក់ ត្រូវការកម្មករសរុប ១៥០០០នាក់ ក្រុមហ៊ុននេះនឹងរើទៅរកស៉ីនៅខេត្តកំពង់ស្ពឺ នឹងយកម៉ាស៉ីនស្វ័យប្រវត្តិចំនួន ១០០០គ្រឿង ដែលមានតម្លៃប្រមាណ ៣៥០០លានដុល្លារអាមេរិក។
*ទី៧៖ អគារពាណិជ្ជកម្មនៅក្រុងច្បារមន ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក។
*ទី៨៖ ក្រុមហ៊ុន ហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែររួត បច្ចុប្បន្នកំពុងដំណើរការនៅប្រទេសកម្ពុជាហើយ ស្ថិតនៅក្នុងក្រុងច្បារមន ផលិតផលនេះនាំចេញទៅអឺរ៉ុប និងអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុននេះនឹងពង្រីកក្រុមមួយកន្លែងផ្សេងទៀតនៅក្នុងខេត្តកំពង់ស្ពឺ។
ជាលទ្ធផលក្នុងបេសកកម្មនេះមានក្រុមហ៊ុនចំនួន៨ និងអាគារពាណិជ្ជកម្មមួយ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៥៦,០០០នាក់ និងទុនវិនិយោគខ្ទង់ពាន់លានដុល្លារអាមេរិក សម្រាប់មកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺឆ្នាំ២០១៩ ៕