(ភ្នំពេញ)៖ តំបន់ទេសចរណ៍ភ្នំក្រោម នៅក្នុងខេត្តសៀមរាប ពោលរាល់អ្នកទេសចរទៅលេងសៀមរាប តែងបានឈៀងទៅលេងតំបន់ទេសចរណ៍បែបធម្មជាតិនៅភ្នំក្រោមផងដែរ។ តែសកម្មភាពអវិជ្ជមានមួយចំនួននៅតំបន់កំពង់ចម្លងទេសចរណ៍ជាតិ និងអន្តរជាតិនៅភ្នំក្រោមនេះ អាចនឹងជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍នៅតំបន់នោះ។
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានបង្ហាញការហួសចិត្តជាខ្លាំងនៅពេលរូបលោកបានឃើញភាពអសកម្មអវិជ្ជមានមួយចំនួនដោយផ្ទាល់ផ្នែកនៅកំពង់ចម្លងភ្ញៀវទេសចរ។
លោក ឆាយ បូរ៉ា បានលើកឡើងតាមរយៈ Facebook កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ថា លោកបានឃើញសកម្មភាពអវិជ្ជមានជាច្រើននៅតំបន់កំពង់ចម្លងនោះ ដូចជាការហ៊ុយដី និងសកម្មភាពចាក់ដីចូលដៃបឹងទន្លេសសាប់។ តែសកម្មភាពទាំងពីរនេះ មិនបានធ្វើឱ្យលោកភ្ញាក់ផ្អើលនោះឡើយ ព្រោះជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍តំបន់់ទេសចរណ៍នីមួយៗ។
ប៉ុន្តែរឿងដែលលោក ឆាយ បូរ៉ា ភ្ញាក់ផ្អើលខ្លាំងនោះ គឺបុគ្គលិកបម្រើការនៅចំណតកំពង់ចម្លងដឹកអ្នកដំណើររវល់លេង Facebook ភ្លេចស្វាគមន៍ភ្ញៀវ ហើយនៅតាមបង្គន់អនាម័យពេញដោយលាមក ធ្វើឱ្យភ្ញៀវរង់ចាំទូកមិនមានកន្លែងបន្ទោបង់។
លោក ឆាយ បូរ៉ា បានបញ្ជាក់យ៉ាងដូច្នេះ «រឿងដែលហួសចិត្ត គឺច្រកចូលកន្លែងរង់ចាំកាំណូត គឺមិនមានផាសុខភាពសោះ។ បុគ្គលិកម្នាក់ៗមមាញឹក ភ្នែកមិនមែនរំពៃដើម្បីរាក់ទាក់ទទួលបដិសណ្ឋារកិច្ចភ្ញៀទេសចរទេ គឺឱនមើលហ្វេសប៊ុករៀងខ្លួន។ ខ្ញុំមិនជាចាប់អារម្មណ៍ទេ ជាទម្លាប់កូនខ្មែរបច្ចុប្បន្នទៅហើយ។ បន្ទាប់មកខ្ញុំដើររកមើលបង្គន់អនាម័យ ដើរចូលទៅដល់ឃើញជនជាតិកូរ៉េ ពីរបីនាក់ដើរចេញក្រៅវិញយ៉ាងលឿន ហើយគ្រវីក្បាលទាំងហួសចិត្ត។ ខ្ញុំគិតថា ភាពគគ្រិចរបស់ពួកគាត់ ខ្ញុំអាចទទួលយកបាន តែពេលខ្ញុំចូលទៅដល់ ខ្ញុំហួសចិត្ត គឺលាមកពេញបង្គន់គ្រប់បង្គន់»។
បន្ទាប់ពីការបង្ហោះសាររៀបរាប់រឿងហួសចិត្តទាំងអស់នេះទៅនាំឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះភាពអវិជ្ជមាននៅកំពង់ចម្លងភ្ញៀវទេសចរភ្នំក្រោម។ មានអ្នកខ្លះបានលើកឡើងថា សកម្មភាពខ្វះទំនួលខុសត្រូវទាំងអស់នេះ នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យនៅតំបន់ភ្នំក្រោម ក្នុងខេត្តសៀមរាប៕