(ហ្សឺណែវ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារជាមួយលោកស្រី វេជ្ជបណ្ឌិត Lucica Ditiu អគ្គនាយិកាអង្គការ Stop TB Partnership នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការ StopTB Partnership ក្នុងអគារ Global Health Campus ។
ជំនួបពិភាក្សានេះធ្វើឡើង ដើម្បីស្វែងយល់អំពីគុណសម្បត្តិ នៃការភ្ជាប់គ្នារវាងកម្មវិធីអេដស៍ និងរបេង ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងជំងឺរបេង នៅកម្ពុជានៅឆ្នាំ២០៣០ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោក ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកវេជ្ជបណ្ឌិត Suvannand Sahu អគ្គនាយករង Stop TB Partnership និងលោកវេជ្ជបណ្ឌិត Jacob Creswell ប្រធានក្រុមច្នៃប្រឌិត និងជំនួយនៃ Stop TB Partnership។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងចង់ចែករំលែកបទពិសោធន៍ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដល់ការប្រយុទ្ធនឹងជំងឺរបេង និងចង់សិក្សាថា តើយើងអាចធ្វើអ្វីបាន ដើម្បីផ្សាភា្ជប់ និងសហការគ្នារវាងជំងឺទាំងពីរ។ ជាការឆ្លើយតបលោកស្រីអគ្គនាយិកាបានបញ្ជាក់ថា កម្ពុជាជាប្រទេសអាទិភាព អង្គការ Stop TB Partnership ចង់ជួយបន្ថែមទៀត។ អង្គការរបស់លោកស្រី បានទទួលការគាំទ្រថវិកាពីអង្គការ USAID ប្រទេសកាណាដា មូលនិធិហ្គេត ប្រទេសជប៉ុន និងអូស្ត្រាលី។
លោកស្រីចង់ ឲ្យកម្មវិធីរបេង និងអេដស៍នៅ ជាមួយគ្នា។ លោកស្រីអាចជួយក្នុងការរៀបចំកម្មវិធីយល់ដឹង អំពីមេរោគអេដស៍ និងជំងឺអេដស៍ជាមួយជំងឺ របេងដោយមានការចូលរួមពីថ្នាក់ដឹកនាំ នយោបាយ ជនល្បីៗ សហគមន៍ និងប្រជាពលរដ្ឋដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងផ្តល់ជំនួយបន្ថែមទៀត ដល់កម្មវិធីប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា។ តាមរយៈ TB Reach អង្គការ Stop TB Partnership បាននិងកំពុងជួយដល់គម្រោងប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា នូវថវិកាប្រមាណមួយលានដុល្លារក្នុងមួយឆ្នាំ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានថ្លែងថា កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា យើងមានភ័ព្វសំណាងដោយមានការគាំទ្រ នយោបាយដ៏រឹងមាំពីសម្តេចតេជោនាយករដ្ឋមន្រ្តី។ យើងនឹងពិភាក្សាជាមួយស្ថាប័នជំងឺរបេង ដើម្បីស្វែងរកវិធីសហការគ្នា និងរាយការណ៍ជូនសម្តេចតេជោ ដើម្បីសម្រេច។
ជាមួយគ្នានេះ លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា លោកស្រីនឹងធ្វើដំណើរទៅកម្ពុជា ដើម្បីពិភាក្សាបន្ថែមទៀតអំពីបញ្ហានេះ។ នៅទីបញ្ចប់លោកទេសរដ្ឋមន្ត្រី និងលោកស្រី អគ្គនាយិកាឯកភាពគ្នាថា នឹងស្វែងយល់ស៊ីជម្រៅតទៅទៀត អំពីវឌ្ឍនភាព នៃកម្មវិធីរបេង និងស្វែងរកចំណុចវិជ្ជមាន ដើម្បីផ្សាភ្ជាប់កម្មវិធីទាំងពីរជាមួយគ្នា ក្នុងន័យឈានទៅបំបាត់ជំងឺអេដស៍នៅឆ្នាំ ២០២៥ និងជំងឺរបេងនៅឆ្នាំ២០៣០៕