(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីជូនដំណឹង ដោយប្រកាសទុកឱសានវាទរយៈពេល៣ខែ ឲ្យសិប្បករផលិតអំបិល ដែលលាយជាតិអ៉ីយ៉ូដ ទៅសុំអាជ្ញាប័ណ្ណពីក្រសួង។ ប្រសិនបើសិប្បករទាំងឡាយណា ដែលបានផលិតអំបិលមានលាយជាតិអ៉ីយ៉ូដ មិនទៅសុំអាជ្ញាប័ណ្ណពីក្រសួងទេនឹងត្រូវចាត់ការតាមច្បាប់។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ដើម្បីជំរុញការគ្រប់គ្រងការបញ្ចូលជាតិអ៉ីយ៉ូដ ឲ្យបានត្រឹមត្រូវទៅក្នុងអំបិលសម្រាប់បរិភោគ និងថែរក្សាសុខុមាលភាពសម្រាប់អ្នកបរិភោគអំបិល ក៏ដូចជាការអនុវត្តតាមប្រកាសរួមលេខ ០៨៥ MIH/២០១៨ និងលេខ ០០៩៥ ផ.ក ស្តីពីការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៉ីយ៉ូដ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំជានីតិវិធី និងបែបបទសម្រាប់ការផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៊ីយ៉ូដ និងបានប្រជុំណែនាំដល់ម្ចាស់សហគ្រាស-សិប្បកម្មរួចរាល់ហើយ។
ក្នុងនោះដែរ ក្រសួងសូមជម្រាបជូនដល់គ្រប់ម្ចាស់សហគ្រាស-សិប្បកម្មកែច្នែអំបិល និងសិប្បករផលិតអំបិលទាំងអស់ មកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៉ីយ៉ូដ ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទុករយៈពេលបីខែ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ផុតកំណត់រយៈពេលបីខែតាមសេចក្តីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការ តាមផ្លូវច្បាប់ចំពោះសហគ្រាស-សិប្បកម្ម និងសិប្បករផលិតអំបិល ដែលមិនបានស្នើសុំអាជ្ញាប័ណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលជាតិអ៉ីយ៉ូដ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់សហគ្រាស-សិប្បកម្មកែច្នៃអំបិល និងសិប្បករផលិត អំបិលទាំងអស់មកដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៊ីយ៉ូដ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានរួសរាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕