(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានថ្លែងថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់ នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន បានលើកឡើងបែបនេះនាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីជួបសំណេះសំណាល, ប្រកាសតែងតាំង ប្រគល់ ផ្លាស់ប្តូរ និងសម្រួលភារកិច្ចមន្ត្រីរាជការ ១៣រូប និងពិធីចែកប័ណ្ណ ប.ស.ស ជូនមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ចំនួន១៩២រូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗនេះ។
លោក ម៉ៅ ធនិន បានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ហើយដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តទទួលបានលទ្ធផលល្អប្រសើរ។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់មន្ត្រីរាជការសាលាខេត្តសាលាខេត្ត ត្រូវថែរក្សានូវសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរដូចបណ្តាឆ្នាំកន្លងទៅ នឹងបន្តរឹតតែល្អបន្ថែមទៀតក្នុងអាណត្តិថ្មី, ចំពោះមន្ត្រីដែលមានសមត្ថភាព ត្រូវប្រើប្រាស់ពេលវេលា ដើម្បីបង្កើនចំណេះដឹង កសាងនូវធនធានមនុស្សនៅក្នុងអង្គភាព និងមានការស្វែងយល់ឲ្យបានច្រើន នូវចំណេះដឹងខាងក្រៅដោយការឆ្នៃប្រឌិត និងពិចារណាឲ្យបានម៉ត់ចត់ ឈរលើជំហរសុក្រិត និងយុត្តិធម៌។
លោកបានបន្តទៀតថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីរាជការ ត្រូវបន្តជម្រុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។
លោកបានបន្ថែមទៀតថា ជាងនេះទៅទៀតនៅក្នុងខេត្ត ក៏ដូចជាបណ្តាស្រុកក្រុងដ៏ទៃទៀត ជាពិសេសគឺស្រុកបង្កើតថ្មី គឺមានកន្លែងជាច្រើនត្រូវការធនធានមនុស្ស ហើយមានតែក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី ដែលមានសមត្ថភាពអាចនឹងចូលទៅបម្រើការនៅទីនោះ។ ការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ បើមានករណីនេះកើតឡើងត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកគ្មានធនធានចំពោះសមត្ថភាពដែលគេមានគ្រប់គ្រាន់។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានរៀបចំនូវអំណោយជូនដល់មន្រ្តីរាជការប្រមាណ ១៩២រូប ក្នុងម្នាក់ៗទទួលបាន ថវិកា១៥ម៉ឺនរៀល ដើម្បីសម្តែងនូវទឹកចិត្តស្រឡាញ់រាប់អានគ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នា បានជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខផងដែរ៕