Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរចាត់វិធានការក្ដៅ ចំពោះជនមួយក្ដាប់តូច ដែលសង់សំណង់រំលោភយកដីក្នុងតំបន់អភិវឌ្ឍន៍នៅខណ្ឌឬស្សីកែវ

10-04-2019 09:59

(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ បាន ចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស ចំពោះជនមួយក្ដាប់តូច ដែលបានចលនាសាងសង់សំណង់មិនរៀបរយ រំលោភយកដីទាំងបំពាន ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានចលនារបស់ជនមួយក្ដាប់តូច ចាប់ដី នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយបានសាងសង់សំណង់មិនរៀបរយធ្វើពីបង្គោលឈើ ប្រក់ស័ង្កសី។

រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្ថែមថា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលមានដីធ្លីក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ និយាយដោយឡែក និងនិយាយជារួម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក៏ដូចជា ទប់ស្កាត់កុំឲ្យចលនានេះកាន់តែរីករាលដាល ក្លាយជាចលនាអនាធិបតេយ្យក្នុងការទន្ទ្រាន ដីរដ្ឋ និងដីឯកជន នោះ រដ្ឋបាលខណ្ឌឫស្សីកែវ គ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាបាននូវសណ្តាប់ សាធារណៈសង្គម ក៏ដូចជា ការពារផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ឯកជនរបស់ប្រជាពលរដ្ឋទូទាំង រាជធានីភ្នំពេញ។

ក្រៅពីវិធានការខាងលើនេះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការច្បាប់បន្ថែមទៀតចំពោះ ជនរឹងរូស និងមិនរាងចាល ប្រព្រឹត្តអំពើខុសច្បាប់ បង្កចលនាធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕