(ព្រះវិហារ)៖ លោក Ben Davis ជាជនជាតិអូស្ត្រាលីម្នាក់ និងជាអ្នកការពារសត្វព្រៃ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា ដែលមានទីតាំងនៅភូមិតាបុស្ស ឃុំព្រៃស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ជនជាតិអូស្ត្រាលីរូបនេះ ជាវិរជនការពារសត្វព្រៃ ដោយមិនបារម្ភពីសុវត្ថិភាពរបស់ខ្លួនឡើង។ ដោយមើលឃើញពីតម្រូវការជំនួយនោះ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៅប្រគល់ជូន លោក Ben Davis ដើម្បីប្រើប្រាស់សម្រាប់បម្រើដល់សកម្មភាពការពារសត្វព្រៃ។
លោក វិចិត្រដារ៉ា បានលើកឡើងថា លោកពិតជាសប្បាយចិត្ត ក្នុងការចូលរួមជួយដល់អ្នកអភិរក្សថែរក្សា និងកសាងធនធានធម្មជាតិ ព្រោះប្រទេសកម្ពុជា កំពុងត្រូវការធនធានមនុស្សដូច លោក បេន ដាវីស។
លោកថា «នេះជាការចូលរួមលើកទឹកចិត្ត ក៏ដូចជាការដោះស្រាយកាលំបាកបានមួយគ្រា ខ្ញុំ និងក្រុមគ្រួសារគាំទ្រពេញទំហឹង នៅសកម្មភាពដ៏អង់អាចក្លាហ៊ាន លោក បេន។ ខ្ញុំនឹងមកម្តងទៀត នៅពេលឆាប់ៗខាងមុខនេះ ។ហើយសូមជូនពរបងប្អូនជនរួមជាតិ មានសុភមង្គល សុភាពល្អ រីករាយក្នុងឱកាសចូលឆ្នាំថ្មី ដែលនិងខិតជិតមកដល់នៅពេលខាងមុននេះ»។
ក្នុងឱកាសនោះ លោក Ben Davis បានបង្ហាញនូវក្តីរំភើបចិត្តឥតឧបមា ដែលបានឃើញពលរដ្ឋខ្មែរ មានចិត្តជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការពារសត្វព្រៃ ដែលមានភាពខ្វះខាត។
សូមជម្រាបថា កាលពីចុងខែមករា ឆ្នាំ២០១៩ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានធ្វើទស្សនកិច្ច និងប្រគល់រថយន្ត១គ្រឿង ម៉ូតូ០២គ្រឿង ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោក BEN DAVIS និងសហគមន៍តាបស សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្ថិតក្នុងភូមិសាស្ដ្រភូមិតាបស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ជាមួយនេះ ក្រៅពីអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោក Ben Davis ទទួលបានថវិកាបន្ថែមចំនួន ២៥,៤០០,០០០រៀល ក្នុងនោះ១៦លានរៀន ឧបត្ថម្ភដោយគណៈកម្មការទី៣នៃរដ្ឋសភា និងថវិកា៩លានរៀល ឧបត្ថម្ភដោយក្រសួងបរិស្ថាន៕