(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អង មង្គល បានថ្លែងបញ្ជាក់ថា ដោយមានការវិវត្តិនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាលើទីផ្សារអនឡាញ ជាមួយគ្នាដែរនោះការធ្វើដំណើរ និងដឹកជញ្ជូន ដោយប្រើប្រាស់ Application នៅលើទូរស័ព្ទដៃវ័យឆ្លាត (Smart Phone) បាននិងកំពុងរីករាលដាល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅកម្ពុជា។
ការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដំណើរការ App តាក់ស៊ី និងតុកតុក TAP ON នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។
លោក អង មង្គល បាបបញ្ជាក់ថា «ដោយការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ទីផ្សារអនឡាញបាននឹងកំពុងរីករាលដាល និងទទួលបានការចាប់អារម្មណ៍ ជាច្រើនពីអតិថិជន។ ទន្ទឹមនឹងនោះ ការរីករាលដាលនៃសេវាដឹកអ្នកដំណើរតាមតាក់ស៊ី និងតុកតុក ដោយប្រើប្រាស់ App ក៏ពេញនិយមសម្រាប់មនុស្សនាសម័យទំនើបមួយនេះ ដោយអតិថិជនគ្រាន់តែបញ្ចូលកម្មវិធីមួយនេះ ទៅក្នុងទូរស័ព្ទវៃឆ្លាត (Smart Phone) របស់ពួកគាត់នឹងទទួលបានសេវាកម្ម ដឹកអ្នកដំណើររហ័សទាន់ចិត្ត នៅពេលដែលចុចបញ្ជាហៅការប្រើប្រាស់ភ្លាម។ តួយ៉ាងដូចជា App តាក់ស៊ី និងតុកតុក របស់ក្រុមហ៊ុន TAP ON មួយនេះ ដែលនឹងដាក់ឲ្យដំណើរការភ្លាម បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់»។
លោកបន្ថែមថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ការដាក់ឲ្យដំណើរការ App តាក់ស៊ី និងតុកតុក TAP ON នេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់បងប្អូន ដែលប្រកបមុខរបរមួយនេះ ឲ្យមានភាពល្អប្រសើរឡើងថែមទៀតផង»។
លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្ត និងសំណូមពរដល់ តំណាងក្រុមហ៊ុននានា ចូលរួមបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវា និងគុណភាពនៃផលិតផល ឬទំនិញរបស់ខ្លួន ដើម្បីឲ្យអតិថិជនកាន់តែមានភាពពេញចិត្ត និងប្រើប្រាស់សេវារបស់ខ្លួនកាន់តែច្រើនថែមទៀត៕