(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា សម្ដេចចង់ឲ្យជនជាតិខ្មែរទាំងអស់ មិនថានៅក្នុងស្រុក ឬក៏ក្រៅស្រុក ក្លាយជាសេដ្ឋីកាន់តែច្រើនទៅៗ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញពិសារភោជនាហារ ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះ គឺចង់ឲ្យជនជាតិខ្មែររបស់ខ្ញុំ ក្លាយជាសេដ្ឋីកាន់តែច្រើនទៅៗ...នេះមិនមែនជា ការរើសអើងនោះទេ ក៏ប៉ុន្ដែប្រទេសនីមួយៗ សុទ្ធតែចង់ឲ្យជនជាតិរបស់ខ្លួន មានសេដ្ឋីច្រើន មានអ្នកមានច្រើន»។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងចំណោមជនជាតិខ្មែរបើគិតអំពីចំនួន អ្នកដែលមានប្រាក់ពី២០លានដុល្លារឡើងលើ ប្រហែលជាមានចំនួនមិនតិចទេ ហើយបើគិតពីចំនួនអ្នក ដែលមានប្រាក់១លានដុល្លារឡើងលើ ក៏មានចំនួនមិនតិចដែរ។
ជាមួយគ្នានោះ សម្ដេចតេជោបានលើកឡើងថា បើប្រៀបធៀបនឹងឆ្នាំ១៩៧៩ អ្នកដែលមានប្រាក់១លានដុល្លារឡើងលើ គឺមានតិចតួចណាស់ ប៉ុន្ដែឥលូវនេះ អ្នកដែលមានប្រាក់១លានដុល្លារឡើងលើ ប្រហែលជានៅទីក្រុងភ្នំពេញ ស្ទើរតែទាំងអស់ ដែលមានទ្រព្យធន ពី១លានដុល្លារឡើងលើ៕