(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នៅចុងខែមេសា ឆ្នាំ២០១៩នេះ សម្ដេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកទី២ នៃវេទិកាខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិន។
ក្នុងឱកាសអញ្ជើញពិសាភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកោះពេជ្រ នាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិននោះ សម្ដេច គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅចុងខែមេសានេះ ខ្ញុំនឹងមានឱកាសដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី២ វេទិកាអំពីខ្សែក្រវាត់មួយ ផ្លូវមួយ ហើយនៅពេលនោះតាមការគ្រោងទុក ខ្ញុំក៏នឹងមានជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី លី ខឺឈាងផង និងមានជំនួបពិភាក្សាជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជិនភីង ផង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចាត់ទុកថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺកាន់តែប្រសើរឡើងបន្ថែមទៀត ពោលតាមរយៈទេសចរណ៍ចិនមកកម្ពុជា មានរហូតដល់១.៧លាននាក់ ហើយសម្ដេចរំពឹងថា កម្ពុជា នឹងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគចិនកាន់តែច្រើន ហើយចិនក៏នឹងទទួលទិញ ផលិតផលរបស់ខ្មែរ កាន់តែច្រើនផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងយ៉ាងច្បាស់ថា នយោបាយចិនតែមួយ មិនមែនជារឿងថ្មីថ្មោងរបស់កម្ពុជានោះទេ គឺមានតាំងពីសម័យសម្តេច នរោត្តម សីហនុ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នត្រូវបន្តថែរក្សា និងថ្នាក់ថ្នមនៅនយោបាយមួយនេះ ឲ្យកាន់តែល្អ និងរឹងមាំកាន់តែខ្លាំងបន្ថែមទៀត។
ព្រមពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចបានពិភាក្សាការងារជាច្រើន ជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៕