(ភ្នំពេញ)៖ នាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមហ៊ុន អេប៉ិចឌែនស៊ីង អ៊ីឌែន អ៊ែន អ៊ីនធ័រធែនមែន Epicdancing-Eden & Entertainment និងក្រុមហ៊ុនអេដអេប៉ិចឌែនស៊ីង អ៊ែន អ៊ីនធ័រធែនមែន រយៈពេល២ថ្ងៃ ថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០១៩ បានមានរៀបចំ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់បុគ្គលិក ក្លឹបកម្សាន្ដ EPIC ទាំងពីរសាខា។ ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងលោក ប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុន។
លោក ប៉ាវ វ៉ានីរ៉ុង បានថ្លែងស្វាគមន៍ និងប្រាប់ពីគោលបំណង នៃការជួបជុំនាថ្ងៃ នេះ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលលើកទី៤ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធានដឹកនាំយុទ្ធនាការ និង នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អនុប្រធាន ដឹកនាំយុទ្ធនាការ ដែលក្រុមហ៊ុនបានសហការអនុវត្តនាពេលកន្លង និង បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក លឹម តុងហួត បានថ្លែងកោតសរសើរ ដល់ម្ចាស់ក្រុមហ៊ុន ដែលបានសហការរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយ បង្កើនចំណេះដឹងពាក់ព័ន្ធ បញ្ហាគ្រឿងញៀនដល់បុគ្គលិកទាំងអស់ ដើម្បី បានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកបញ្ជាក់ថា យុវជនជាមុខសញ្ញាងាយរងគ្រោះ ទៅនឹងបញ្ហាគ្រឿងញៀនដូចនេះ ត្រូវតែខិតខំស្វែងយល់ ព័ត៌មាន ពាក់ព័ន្ធនឹងចំណេះដឹងដើម្បីអាចបង្ការខ្លួន ពីបញ្ហាគ្រឿងញៀន ហើយដាច់ខាតត្រូវតែចៀសឲ្យឆ្ងាយកុំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
លោក លឹម តុងហួត បានបន្តថា គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលពិភពលោកកំពុង ទទួលរងការគំរាមកំហែង ហើយក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅតែបន្តព្យាយាមធ្វើការចរាចរគ្រឿងញៀនចូល និង ឆ្លងកាត់ដើម្បីពង្រីកទីផ្សារជួញដួរ និងប្រើប្រាស់ជះឥទ្ធិពលអវិជ្ជមាន ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេដ្ឋកិច្ចសង្គម ដែលតម្រូវឲ្យទាំងអស់ត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យគ្រឿងញៀនត្រួតត្រាជីវិត និងសហគមន៍៕