(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដើម្បីបណ្តេញគ្រោះចង្រៃនៅឆ្នាំចាស់ និងលើករាសី សម្រាប់ឆ្នាំថ្មី នៅទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
ពិធីនេះបានរៀបចំឡើងទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តចម្រើន ព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ពិធីនោះក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ព្រះនាង ទុង្សាទេវី ដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំពរជ័យស័ព្ទសាធុការពរដល់ថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមទាំងអស់ ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសកម្មភាព ជួយប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរជាពិធីបុណ្យជាតិដ៏ធំមួយ ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំដោយមានរយៈពេល៣ថ្ងៃនៅក្នុង អំឡុងខែចែត្រ ហើយឆ្នាំនេះ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធនៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ៕