(ភ្នំពេញ)៖ ដើម្បីលើកស្ទួយការអានសៀវភៅ និងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជាមានចំណេះដឹងកាន់តែខ្ពស់ក្នុងការធ្វើអាជីវកម្ម លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ម៉េងលី ជេ.គួច ដែលគេស្គាល់យ៉ាងច្បាស់ថា ជាឧកញ៉ាសប្បុរសកម្ពុជា បានប្រកាសបរិច្ចាគសៀវភៅរបស់លោកឈ្មោះថា «គំនិតរកស៉ីគួចម៉េងលី» ដែលទើបត្រូវបោះពុម្ភផ្សាយហើយថ្មីនេះ ដល់បណ្ណាល័យ ឬអង្គការដែលនៅតាមជនបទ។
ថ្លែងក្នុងពិធីសម្ពោធសៀវភៅ «គំនិតរកស៉ីគួចម៉េងលី» នៅបណ្ណាគារ Monument Book នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ លោកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អស់លោកលោកស្រីដែលអញ្ជើញមកនេះ បើស្គាល់បណ្ណាល័យ ឬអង្គការនៅតាមជនបទ ដែលខ្វះខាតសៀវភៅសូមអញ្ជើញទាក់ទងក្រុមការងាររបស់ខ្ញុំ ព្រោះថាសៀវភៅនេះយើងសរសេរដើម្បីជួយបណ្តុះបណ្តាលចំណេះដឹងជូនប្រជាពលរដ្ឋយើង មិនមែនដើម្បីតែប្រាក់ចំណេញទេ»។
បើតាមលោក គួច ម៉េងលី នេះជាស្នាដៃនិពន្ធសៀវភៅលើកទី៦របស់លោក ហើយសម្រាប់ថវិកាដែលទទួលបានពីការលក់សៀវភៅដល់អ្នកមានលទ្ធភាពវិញ ក៏នឹងត្រូវបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ.គួច សម្រាប់ជួយកុមារ និងជនក្រីក្រនៅតាមជនបទផងដែរ។
លោក គួច ម៉េងលី បានឲ្យដឹងថា ក្រៅពីលើកស្ទួយការអាន សៀវភៅនេះនឹងធ្វើឲ្យមនុស្សមានគំនិតក្នុងការរកស៉ី ដោយចៀសបានពីការខាតបង់។ លោកឧកញ៉ាថា លោកមានការព្រួយបារម្ភយ៉ាងខ្លាងចំពោះប្រជាពលរដ្ឋខ្លះ ដែលចង់ធ្វើអាជីវកម្មដោយគ្មានចំណេះដឹង ដែលបណ្តាលឲ្យក្ស័យធន និងខាតបង់ថវិកាយ៉ាងខ្លាំង។ លោកយល់ថា ការដែលមនុស្សម្នាក់ទៅអង្គុយស្តាប់សិក្ខាសាលាស្តីពីការរកស៉ីត្រឹម១វគ្គ ឬ២វគ្គពីមនុស្សជោគជ័យ មិនត្រូវឆាប់ទៅធ្វើអាជីវកម្មដោយខ្លួនឯងទេ ព្រោះការចង់មានលឿនពេក នឹងធ្វើឲ្យមនុស្សបរាជ័យមិនខាន។
លោក គួច ម៉េងលី អះអាងថា «ចំពោះប្រជាជនខ្មែរយើងនេះ សម្បូរភាគច្រើនជាយុវជន ដែលយើងតែងតែលឺថាសហគ្រិនវ័យក្មេង។ លើកមុនខ្ញុំបានលើកឡើងហើយថា សហគ្រិនវ័យក្មេងបើយើងចង់មានលឿនពេកបរាជ័យ បើសិនយើងគ្រាន់តែទៅស្តាប់សិក្ខាសាលា គេសង្ខេបពីសៀវភោរាប់រយក្បាល ដែលចំណេះដឹងគេមានពេញខួរក្បាលគេ ធ្វើឲ្យគេជោគជ័យ យើងស្តាប់តែ១ម៉ោង ២ម៉ោង ធ្វើឲ្យយើងជ្រុលជ្រួសហើយទៅធ្វើអាជីវកម្មនឹងក្ស័យធន»។
លោកបន្តថា «យើងឃើញហើយថាស្រុកខ្មែរក្មួយៗមកជួបខ្ញុំពី ៨០ទៅ៩០ភាគរយហើយដែលបរាជ័យ ដូច្នេះហើយគួរឲ្យសោកស្តាយដោយសារប្រជាជនយើងសម្បូរលុយយកទៅបោះចោល មានន័យថាមានលុយបន្តិចបន្តួចសន្សំ ៥ទៅ៦ឆ្នាំ មករកស៉ីដោយមិនដឹងអី គេហៅថារកស៉ីតាមថ្ងៃរះ ថ្ងៃលិចធ្វើឲ្យយើងក្ស័យទុនចំពោះថវិកាដែលយើងខាំសន្សំស្ទើរមួយជីវិតហ្នឹង។ ដូច្នេះហើយអាណិតអាសូរដល់ខ្មែរយើងមួយចំនួន ដែលខ្វះខាតក្នុងការបណ្តុះបណ្តាល ចំណេះដឹងពិតក្នុងការរកស៉ីហ្នឹង»។
លោក គួច ម៉េងលី បន្ថែមថា លោកមិនគាំទ្រចំពោះអ្នកណាដែលធ្វើអាជីវកម្មដោយប្រថុយប្រថាន ហើយគ្មានការអាន គ្មានការរៀនសូត្រនោះឡើយ។ ដូច្នេះហើយលោកសំណូមពរឲ្យមានការអាន ដោយអានឲ្យច្បាស់ អានឲ្យជ្រៅ អានឲ្យយល់ ដើម្បីការលូតលាស់ផ្នែកគំនិត។
ពេលនិយាយពីការអានសៀវភៅនៅកម្ពុជាវិញ ត្រូវបានលោកសាកលវិទ្យាធិការរូបនេះ មើលឃើញថា ប្រជាជនមិនសូវចាប់អារម្មណ៍ការអានសៀវភៅដូចជនជាតិបរទេសទេ ប៉ុន្តែបែរជាចូលចិត្តចំណាយពេលវេលាប្រើប្រាស់ទូរស័ព្ទ។ ទោះបីជាយ៉ាងណាក៏ដោយ លោក គួច ម៉េងលី នៅតែបន្តនិពន្ធសៀវភៅដែលចែករម្លែកពីគំនិតជោគជ័យរបស់លោក ដើម្បីឲ្យប្រជាជនមានចំណេះដឹងក្នុងការធ្វើអាជីវកម្ម ព្រោះលោកឧកញ៉ាគ្មានអ្វីច្រើនក្រៅពីសកម្មភាពទាំងនេះ ក្នុងនាមជាកូនខ្មែរមួយរូបនោះទេ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេស។
សម្រាប់ខ្លឹមសារនៃសៀវភៅ «គំនិតរកស៉ីគួចម៉េងលី» មួយនេះវិញត្រូវបានសរសេរពីទ្រឹស្ដីនៃការអនុវត្តផ្ទាល់ខ្លួនក្នុងជីវិតអាជីពជាធុរកិច្ចជន ដែលជាគំនិត ជាទស្សនទាន ជាយោបល់ ការយល់ឃើញ និងបទពិសោធផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជាធុរកិច្ចជនវិស័យអប់រំឈានមុខគេនៅកម្ពុជា និងបង្ហាញពីគំនិតយ៉ាងសម្បូរបែប នៃយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្ដរភាព។ លើសពីនេះ លោកក៏បានផ្ដល់វិធីសាស្ត្រ និងគន្លឹះក្នុងការលើកទឹកចិត្តខ្លះៗដើម្បីសម្រេចគោលដៅជីវិត មិនថាក្នុងអាជីព ការងារ គ្រួសារ ការសិក្សា និងសហគមន៍ជាដើម។
សៀវភៅនេះ ក៏បណ្ដុះឲ្យមានភាពក្លាហាន រឹងមាំ មានឆន្ទៈ មនសិការ ការទទូច តស៊ូព្យាយាម ម្ចាស់ការ និងមិនប្រញាប់ចុះចាញ់ ចំពោះបញ្ហាកើតមានចំពោះមុខ ព្រមទាំងបណ្ដុះឲ្យមានវប្បធម៌ចែករំលែក ដោយការបរិច្ចាគថវិកាដែលបានពីសង្គមទៅឲ្យសង្គមវិញ៕