(ព្រះសីហនុ)៖ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដឹកនាំដោយ លោក ញឹម សុខសំណាង អនុប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបើកយុទ្ធនាការ ចុះចាប់រថយន្តអត់ពន្ធនាំចូល ១គឿងទៀត ម៉ាក ALPHARD ចង្កូតឆ្វេង (អត់ស្លាកលេខ) បើកបរដោយជនជាតិ ចិន ត្រង់ ចំណុចស្តុប ៣៣៣ ស្ថិតក្នុងក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ។
បច្ចុប្បន្ន រថយន្តទំនើបអត់បង់ពន្ធ ១គ្រឿងនោះ ត្រូវបាននាំយកមករក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីតាមច្បាប់គយ។
គួរបញ្ជាក់ថា គិតចាប់ពីចុងឆ្នាំ២០១៨ ដល់ត្រីមាសទី១ ដើម ឆ្នាំ ២០១៩នេះ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ លោក ទុំ ណូ បានបើកយុទ្ធនាការចុះស្រាវជ្រាវចាប់រថយន្តសេរីទំនើប ៗ អត់ ពន្ធនាំចូលសរុបមានចំនួន ជាង ៣០គ្រឿង ដើម្បីឲ្យម្ចាស់រថយន្តនាំចូលខុសច្បាប់ទាំងនោះ ឲ្យចូលខ្លួនមកបង់ពន្ធនាំចូល និងផាកពិន័យ ស្របតាមច្បាប់ពន្ធគយ។
ទាក់ទិនបញ្ហានេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបញ្ជាក់ថា ត្រីមាសទី១ ដើមឆ្នាំ ២០១៩នេះ មន្ត្រីជំនាញ របស់លោក បានសហការជាមួយសមត្ថកិច្ចស្ថាប័នកងរាជអាវុធហត្ថ និងនគរបាលខេត្តព្រះសីហនុ បាន ចុះស្រាវជ្រាវ ចាប់ រថយន្ត អត់បង់ពន្ធនាំចូល សរុបជិត ២០គ្រឿង ដែលម្ចាស់រថយន្ត ទាំង នោះ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូល ឲ្យ ស្របតាម ច្បាប់ គយ និងរដ្ឋាករនៅឡើយ។
លោកបន្តថា បើគិតចាប់ពីចុងឆ្នាំ ២០១៨ មកដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩នេះ មន្ត្រីជំនាញសាខាគយ និងរដ្ឋាករ ខេត្ត ព្រះសីហនុ បានចាប់ឃាត់ រថយន្ត សេរី ទំនើបៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំង មានចំនួន សរុប ជាង ៣០គ្រឿង យកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោក ទុំ ណូ បានបញ្ជាក់យ៉ាងដូច្នេះថា « ចំពោះរថយន្តចង្កូតឆ្វេង ដែល ម្ចាស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនាំចូល គឺមន្ត្រី ជំនាញបានបើកឱកាស ឲ្យ ម្ចាស់យានយន្តទាំងនោះ មកបំពេញបែបបទ ដើម្បីបង់ ពន្ធឲ្យ បាន ត្រឹម ត្រូវ ស្របតាមច្បាប់គយ ហើយអនុញ្ញាតឲ្យម្ចាស់រថយន្តនាំយករថយន្តទាំងនោះ ទៅប្រើប្រាស់វិញ។ ប៉ុន្តែចំពោះរថយន្តចង្កូតស្តាំ គឺត្រូវរឹបអូសទុកជាទ្រព្យសម្បត្តិ របស់រដ្ឋគ្រប់គ្រង ព្រោះ រថយន្តចង្កូតស្តាំ គឺត្រូវបានច្បាប់ហាមឃាត់ មិនឲ្យនាំចូលតាំងពីឆ្នាំ២០១៦មកម៉្លេះ»។
ផ្តើមពីបញ្ហានេះ លោក ទុំ ណូ បានប្តេជ្ញាថា នឹងបន្តដឹកនាំមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ចុះអនុវត្តការងារត្រួតពិនិត្យបទល្មើស នាំទំនិញគេចពន្ធគ្រប់ប្រភេទ ជាពិសេសការលួចនាំចូលរថយន្តអត់បង់ពន្ធ ឲ្យបានសកម្មថែមទៀត ដើម្បីឆ្លើយតបតាមការណែនាំ របស់ថ្នាក់ដឹកនាំអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដែលបានកំណត់ទិសដៅប្រយោជន៍ដើម្បីឈានទៅប្រមូលចំណូល ថវិកាជាតិឲ្យបានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខៗទៀត៕