(ព្រះសីហនុ)៖ មន្ត្រីអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ រួមទាំងម្ចាស់ដីស្របច្បាប់នៅខេត្តព្រះសីហនុ បាននឹងកំពុងមានការព្រួយបារម្ភពីសកម្មភាពអនាធិបតេយ្យរបស់ក្រុមមន្ត្រី និងឈ្មួញមួយចំនួនតូចនាំគ្នាឈរពីក្រោយខ្នងជនខិលខូចបោកបញ្ឆោត និងប្រើទឹកលុយអោយពលរដ្ឋក្រីក្រលើកគ្នាចូលទៅទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ រួមទាំង ដីឯកជនផងដែរដើម្បីទាមទារគោលនយោបាយពីរដ្ឋ ឬទាមទារសំណងផលប្រយោជន៏ពីម្ចាស់ដីកម្មសិទ្ធិឯកជនជាដើមដោយពួកគេប្រើយុទ្ធសាស្ត្រ «ផ្ទះហោះ, ឈ្នះបានដី ចាញ់បានលុយ»។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចដែលមើលឃើញនូវសកម្មភាព និងទង្វើឃុបឃិតគ្នាចូលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីឯកជននៅក្នុងខេត្តព្រះសីហនុខាងលើនេះ បានអះអាងថា បើរាជរដ្ឋាភិបាលគ្មានវិធានការ និងចំណាត់ការក្ដៅទៅលើក្រុមឈ្មួញខិលខូច និងក្រុមមេខ្យល់បង្កភាពអនាធិបតេយ្យខាងលើនេះអោយមានប្រសិទ្ធភាពទេនោះ សកម្មភាព អនាធិបតេយ្យនេះ នឹងរីករាលដាលស្ទើពេញខេត្តព្រះសីហនុជាមិនខានឡើយ ព្រោះតែបច្ចុប្បន្នដីនៅខេត្តព្រះសីហនុឡើងថ្លៃស្ទើគ្រប់ទីកន្លែង។
យោងតាមប្រភព ពីមន្ត្រីមូលដ្ឋានបានបង្ហើបអោយដឹងថា ក្រុមអនាធិបតេយ្យនាំគ្នាចូលទន្ទ្រានកាប់កាប់ដីរដ្ឋ និងដីឯកជនដែលភាគច្រើនមានអ្នកមានឥទ្ធិពលធ្វើជាខ្នងបង្អែកនៅពីក្រោយខ្នង ចាំកាង ចាំអន្តរាគមន៏ពេលមានបញ្ហាផ្លូវច្បាប់ណាមួយកើតឡើង រហូតដល់អ្នកខ្លះបានប្រើរូបភាពអង្គការ ឬសសមាគមជួយជនក្រីក្រធ្វើជាខែលដើម្បីជួយអន្តរាគមន៏ដល់ ជនខិលខូចទាំងអស់នោះទៀតផង។
រូបភាពដែលេពួកជនមានឥទ្ធិពល ឈ្មួញមានលុយ និងមន្ត្រីខិលខូចទាំងអស់នោះនាំគ្នាប្រើ គឺមាន២រូបភាព៖
រូបភាពទី១៖ បើពួកគេប្រើជនក្រីក្រចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ពេលអាជ្ញាធរចុះដេញឬមានវិធានការផ្លូវច្បាប់ ពួកគេនឹងចេញមុខសម្របសម្រួលសុំគោលនយោបាយពីរដ្ឋដើម្បីយកមកចែកគ្នា
រូបភាពទី២៖ គឺបើដីឯកជន ពេលពួកគេ ចូលទន្ទ្រាន ហើយមានបណ្ដឹង ពួកគេនឹងចេញមុខសម្របសម្រួលទាំងផ្លូវច្បាប់ និងរដ្ឋបាលចរចាជាមួយម្ចាស់ដីបែងចែកភាគរយ ឬសុំជាគោលនយោបាយលុយកាក់ដើម្បី បញ្ចប់ទំនាស់ក៏មានដែរ ហើយក្រោយបានផលប្រយោជន៏ខាងលើនេះ ពួកគេយកទៅបែងចែកអោយប្រជាពលរដ្ឋដែលពួកគេបោកប្រើតិចតួចបំផុត។
យោងតាមមន្ត្រី បានបង្ហើបអោយដឹងថា បច្ចុប្បន្ន នៅខេត្តព្រះសីហនុ មានក្រុមមេខ្យល់នាំគ្នាបំផុស ញុះញង់ដើរចាប់ដីរដ្ឋ និងដីឯកជនជាច្រើនក្រុម មានទាំងអ្នកខេត្ត ព្រះសីហនុ អ្នកភ្នំពេញ និងអ្នកទៅពីខេត្តផ្សេងៗ តែកន្លងទៅថ្មីៗនេះ មន្ត្រីអាជ្ញាធរសមត្ថកិច្ចនៅក្នុងខេត្ត និងសមត្ថកិច្ចទៅពីភ្នំពេញចុះទៅសហការបង្ក្រាបបានក្រុមមេក្លោង ពីរបីក្រុមរួចមកហើយ ដូចជាការឃាត់ខ្លួនក្រុមរបស់ឈ្មោះឯល សម្ផស្ស ដែលលើកគ្នាទៅពីភ្នំពេញ និងក្រុមរបស់ឈ្មោះសុខ ចាន់ណារិទ្ធ ដែលលើកគ្នាចូលទៅកាន់កាប់ ដីឯកជន និងដីរដ្ឋនៅម្ដុំអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ជាដើម។
ក្នុងនោះ គេដឹងថា ខណៈ មេក្លោងឈ្មោះសុខ ចាន់ណារិទ្ធ ត្រូវបានតុលាការសំរេចចេញដីកា ឃុំខ្លួនដោយសារក្លែងឯកសារចូលកាន់កាប់ លួចលក់ដីស្របច្បាប់របស់អ្នកដ៏ទៃរួចមក បច្ចុប្បន្នមានគេអះអាងថាបានលេចមុខបក្ខពួករបស់ឈ្មោះសុខ ចាន់ណារិទ្ធ ម្នាក់ទៀត ដែលគេស្គាល់ឈ្មោះឈិន សុខ បាននឹងកំពុងធ្វើសកម្មភាពដើរបំផុស ញុះញង់ប្រជាពលរដ្ឋក្រីក្រអោយចេញមុខតវ៉ាក្រោមរូបភាពផ្ដិតមេដៃមិនប្រក្រតីទាមទារដោះលែង ឈ្មោះសុខ ចាន់ណារិទ្ធ ដែលជាតំណាងរបស់ខ្លួនម្ដងថាមានប្រជាពលរដ្ឋ៥៧គ្រួសារ ម្ដងថាមាន១៥០គ្រួសារ និងនាំគ្នាតវ៉ាទៅអាជ្ញាធរថាពួកខ្លួនជាម្ចាស់ដី និងជាប្រជាពលរដ្ឋក្រីក្រជាដើម រហូតដល់ក្រុម បក្ខពួករបស់ពួកគេទៅបំផុស ព័ត៌មានថាថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីអាវុធហត្ថដែលចុះអនុវត្តច្បាប់ជាមេក្លោងកាងដីទៅវិញ។
សកម្មភាពអនាធិបតេយ្យក្រុមមេខ្យល់ញុះញង់អោយប្រជាពលរដ្ឋក្រីក្រចូលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីឯកជននៅខេត្តព្រះសីហនុ បច្ចុប្បន្ន បើរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមិនមានវិធានការក្ដៅទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ធភាពទេ អាចនឹងឈានទៅរកជំលោះដីធ្លីដូចនៅតំបន់ប៉ោយប៉ែតកាលពីជាង១០ឆ្នាំមុនជាក់ជាមិនខាន គឺក្រុម «ផ្ទះហោះ , ឈ្នះបានដី ចាញ់បានលុយ» មួយយប់ពួកគេអាចសង់ផ្ទះបានរាប់សិបខ្នងនៅលើដីរដ្ឋ និងដីឯកជនដើម្បីទាមទារគោលនយោបាយ និងសំណងជាមួយលុយ កាក់ផ្សេងៗ៕