(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ធ្វើការ ត្រួតពិនិត្យទំនិញ និងធ្វើតេស្តបឋម ព្រមទាំងចែកស្ទីគ័រអប់រំ ផ្សព្វផ្សាយ នៅផ្សារស្រែស្តុក ស្ថិតនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជាលទ្ធផលពុំឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ តែមន្ដ្រីជំនាញបានដកហូតទំនិញ ហួសកាបរិច្ឆេទប្រើប្រាស់មួយចំនួន ដូចជា៖ ទឹកក្រូច Spring ២៤ដប, ទឹកក្រូច Fanta ១២ដប, ទឹកក្រូច BIG ៣៣ដប, ទឹកសេរ៉ូរូបមាន់ ១០ដប, ទឹកក្រូច Mawina ៣៦ដប និងទឹកក្រូច សាវូរី ៣៦ដប សរុប១៨១ដប។
ជាមួយគ្នានេះ លោកបានលើកឡើង ដោយបញ្ជាក់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ គឺទុកយកទៅដុតកម្ទេចចោល បន្ទាប់ពីបានដកហូតពីអាជីវករ នៅតាមតូប និងតាមផ្ទះនៅផ្សារស្រែស្ដុក ដែលអាជីវករយកទៅលក់ដូរ ដោយមិនបានពិនិត្យពីថ្ងៃ ផុតកំណត់ របស់ទំនិញ និងបន្តតាំងលក់ជូនទៅពលរដ្ឋដោយមិនគិតពីផលប៉ះពាល់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋឡើយ។
លោក ចៅ តូចកុយ និងមន្រ្តីសាខាកាំកុងត្រូលបានចែកនូវផ្ទាំង Poster និងធ្វើការណែនាំ ផ្សព្វផ្សាយដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិត ផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំ ពោះមុខច្បាប់ថែមទៀត៕