Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ទុកសុខភាពប្រជាពលរដ្ឋ ជាកត្តាចម្បងសម្រាប់អភិវឌ្ឍធនធានមនុស្ស

09-04-2019 15:33

(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅមន្ត្រីសុខាភិបាលជាច្រើនរូប នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះថា រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់ទុកសុខភាពប្រជាពលរដ្ឋ ជាកត្តាចម្បងសម្រាប់អភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

នៅក្នុងពិធីមានការចូលរួមពីវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរពេទ្យប្រតិបត្តិស្រុក ក្រុង មណ្ឌលសុខភាព នៅទូទាំងខេត្តស្វាយរៀងផងដែរ។

លោកអភិបាលរងខេត្តស្វាយរៀង បានថ្លែងទៀតថា វឌ្ឍនភាពដែលមន្ទីរសុខាភិបាលសំរេចបាន នៅក្នុងឆ្នាំ២០១៨ បានឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើង នៃសុខភាពប្រជាពលរដ្ឋក្នុងនោះរួម ទាំងការគ្របដណ្តប់សេវាគាំពារសុខភាព មាតា និងទារក សុខភាពកុមារអត្រា នៃការចាក់ថ្នាំបង្កាជំងឺផ្សេងៗ កើនឡើងនិងអត្រាធ្លាក់ចុះនៃជំងឺ នានាព្រមទាំងការ លុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលឯកជនខុសច្បាប់ផងដែរ។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា ជុំវិញសមិទ្ធផលដែលយើងសំរេចបាន ក៏យើងនៅមានការប្រឈមជាច្រើនទៀត ដែលត្រូវប្រយុទ្ធប្រឆាំង ដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពរីកចម្រើន ផ្តល់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែខ្លាំងមកលើ ប្រពន្ធ័សុខាភិបាលរបស់យើង ធ្វើឲ្យវិស័យនេះរឹតតែមានតួនាទីសកម្មថែមទៀតក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាល បានទទួលជោគជ័យកាន់តែធំធេងថែមទៀតនោះ ទាមទារឲ្យមន្ទីរសុខាភិបាល ត្រូវមានកិច្ចសហការឲ្យបានរលូនជាមួយស្ថាបន័ពាក់ពន្ធ័ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ក្នុងន័យនេះ វិស័យសុខាភិបាលសាធារណៈ និងឯកជនត្រូវដើរតួនាទីជាដៃគូរអភិវឌ្ឍន៍ និងប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ហើយត្រូវខិតខំលុបបំបាត់ភាពអនាធិបតេយ្យ លើវិស័យនេះ ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនោះមន្ទីរសុខាភិបាល ត្រូវខិតំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀតនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀក នឹងប្រជាពលរដ្ឋជាងគេ។ ដូច្នេះត្រូវរៀបចំបែងចែក និងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អដើម្បីធានាថាធនធាន មនុស្សគ្រប់កម្រឹតបច្ចេកទេសសម្រាប់បំរើវិស័យសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនៅគ្រប់ លំដាប់បណ្តាញ សុខាភិបាលទាំងទីក្រុងនិងជនបទ៕