(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារនៃសពលោក នាវនៅ បញ្ញាពិសិដ្ឋ ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររដ្ឋអាវីហ្សូណា នៃសហរដ្ឋអាមេរិក ក្នុងជន្មាយុ៤១ឆ្នាំ។
ក្នុងសាររំលែកទុក្ខ របស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា «ក្នុងឱកាសប្រកបដោយភាពក្រៀមក្រំ ជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមរំលែកទុក្ខដ៏ក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្តាយបំផុតជូនចំពោះក្រុមគ្រួសារសព និងសាច់សារលោហិតទាំងអស់ ដោយក្តីសង្វេគជាពន់ពេក»។
ក្នុងសាររំលែកទុក្ខ បានបន្ដថា «ជាមួយនិង សមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវនៅបណ្ណាពិសិដ្ឋ សូមបានសោយសុខក្នុងសុគតិភព និងសូមដួងព្រលឹងរបស់ លោកចាប់កំណើតថ្មី ក្នុងពេលដ៏ឆាប់ខាងមុខនេះកុំបីខាន»។
សូមជម្រាបថា លោក នាវនៅ បញ្ញាពិសិដ្ឋ មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងត្រូវជាក្មួយបង្កើតរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
បើតាម លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook របស់លោកថា លោក នាវនៅ បញ្ញាពិសិដ្ឋ ជាមន្រ្តីសកម្មម្នាក់របស់ក្រសួងព័ត៌មានវ័យក្មេង។ លោកបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ លោក នាវនៅ បញ្ញាពិសិដ្ឋ ផងដែរ៕