(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរហាងលក់ឱសថបុរាណចិនចំនួន ៣ទីតាំងកាលពីចុងខែមីនាកន្លងទៅ។
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ប្រតិបត្តិនោះបានរឹបអូសបានឱសថ បុរាណចិនសម័យ ជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាល ខុសច្បាប់បានចំនួន ១៨១៦០គ្រាប់ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ លោកបានបញ្ជាក់ថា ឱសថបុរាណចិន សម័យដែលរឹបអូសបានចំនួន ១៨១៦០ គ្រាប់ ជាឱសថជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់។
លោកបន្ថែមថា ម្ចាស់ទីតាំងទាំង៣ ត្រូវបានកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងកសាងសំណុំរឿង សហការជាតុលាការដើម្បីកំណត់ស្ថានទោស។ ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ក្រោមការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យផ្អាកអាជីវកម្មទាំង៣ទីតាំង ជាបណ្តោះអាសន្ន ហើយសមត្ថកិច្ច កំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
លោក មៀច សុផាន់ណា ថា ឱសថទាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទេ ប្រសិនបើរកទៅ ឃើញថា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយបើថ្នាំទាំងនេះ ជាប្រភេទភ្ញោចអារម្មណ៍ ផ្លូវភេទវិញ នោះតាមច្បាប់កម្ពុជាអ្នកជួញដូរ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី៥ឆ្នាំ ទី១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០លានរៀល។ ប៉ុន្តែទោះយ៉ាងណាម្ចាស់ទីតាំងទាំង៣ ដែលគេស្គាល់ថា ជាកន្លែងលក់ឱសថសម័យបុរាណចិន ដ៏ធំនោះត្រូវបានដាក់ក្នុងការឃ្លាំមើលពី សមត្ថកិច្ច និងតុលាការដោយរង់ចាំការស្រាវជ្រាវប្រមូលព័ត៌មាន និងការពិសោធន៍រកលទ្ធផល គ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា ឱសថដែលបម្រើឱ្យតម្រូវការផ្លូវភេទត្រូវបានគេដាក់លក់តាមប្រព័ន្ធអនឡាញយ៉ាងព្រោងព្រាធរួមមាន៖ គេហទំព័រ និងបណ្តាញសង្គមហ្វេស ប៊ុក។ ចំពោះករណីនេះ លោក មៀច សុផាន់ណា បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវតាមបច្ចេកទេសជំនាញផងដែរ ដើម្បីឈានទៅចាត់វិធានការដល់ការឃោសនាលក់ឱសថបម្រើផ្លូវភេទតាមអនឡាញនេះ ។ ប្រធានគណៈកម្មការរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរផងដែរ សុំឱ្យចៀសវាងការប្រើប្រាស់ឱស ទាំងអស់នេះនឹងព្យាយាមប្រតិបត្តិផ្លូវភេទបែបធម្មជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមបង្គាប់ការកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ ផ្ទះលក់ឱសថបុរាណចិន ចំនួន៣ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ បានរកឃើញឱសថជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូលហួសកាលបរិច្ឆេទកំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់ជាង២ម៉ឺនគ្រាប់៕