(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរសាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ផងដែរ។
សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំង បានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានឱ្យដឹងថា ជំនួបពិសាភោជនាហាររវាងសម្តេចតេជោ ជាមួយសមាគមនៅល្ងាចថ្ងៃនេះ គឺជាការពិសាភោជនាហារលើកទី៣ហើយ។ ឧកញ៉ា ពុង ឃាវសែ ចាត់ទុកការការអញ្ជើញចូលរួមពិសាភោជនាហាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគម គឺជាផ្តល់កិត្តិយសដ៏ថ្លៃថ្លាសម្រាប់សមាគម។ ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្រុមអ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ដែលកំពុងរកស៊ីនៅកម្ពុជា។
ការជួបពិសាភោជនាហារនាពេលនេះ ក៏ជាឱកាសទទួលបាននូវអនុសាសន៍បន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការវិនិយោគនៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ពុង ឃាវសែ។
បើតាមលោក ពុង ឃាវសែ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានរួមចំណែកធ្វើសកម្មភាពជាច្រើននៅក្នុងឆ្នាំ២០១៨កន្លងទៅ ដើម្បីគាំទ្រដល់ការរកស៊ីរបស់ខ្មែរ-ចិននៅកម្ពុជា ហើយក៏បានធ្វើសកម្មភាពមនុស្សធម៌ច្រើនផងដែរ។
បើតាមលោក ពុង ឃាវសែ នៅឆ្នាំ២០១៨កន្លងទៅសមាគមបានធ្វើសកម្មភាពជាច្រើនមានដូចជា ជួបពិសាបាយមិត្តភាពជាមួយអាជីវករលក់ដូរក្នុងផ្សារនៃរាជធានីភ្នំពេញ, សន្និសីទស្តីពីសេដ្ឋកិច្ចនៃសហព័ន្ធពាណិជ្ជករចិនទាជីវកលលោក, សន្និសីទជំរុញការវិនិយោគទុននៅកម្ពុជា, ពិធីសម្ពោធអាគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរ-ចិន, ការលើកទឹកចិត្តដល់បងប្អូនខ្មែរមានសែស្រឡាយចិនទាំងអស់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោហ៊ុនសែន ដើម្បីគាំទ្រដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា, ពិធីបើកការដ្ឋានសាងសង់អគារសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជា-ចិន, បានជីកអណ្តូងទឹកចំនួន៤៧ នៅខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អតសម្រាប់
ប្រជាជនជាង ២,១៥១គ្រួសារ ប្រកបដោយភាពជោគជ័យ។
ទន្ទឹមនឹងនោះ សមាគមបានឧបត្ថម្ភប្រាក់ខែដល់គ្រូបង្រៀនក្រីក្រដែលបង្រៀននៅសាលាចិនទូទាំងប្រទេស, ផ្តល់មូលនិធិដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ពស់ការអប់រំភាសាចិននៅតាមមូលដ្ឋាន និងបណ្តុះបណ្តាលអ្នកជំនាញភាសាចិនផងដែរ។
ក្រៅពីនេះទៀត សមាគមបានទាក់ទងយ៉ាងសកម្មជាមួយសមាគមពាណិជ្ជកម្ម និងស្ថាប័នវិនិយោគផ្សេងៗ និងបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីទូទាំងពិភពលោក ដើម្បីបម្រើ និងដើរតួនាទីជាស្ពានតភ្ជាប់អ្នកមានសែស្រឡាយចិននៅកម្ពុជា ឲ្យមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយប្រទេសចិន និងទូទាំងពិភពលោក៕