(ឧត្ដរមានជ័យ)៖ ដើម្បីជាការលើកទឹកចិត្តដល់ អតីត យុទ្ធជន ជាជនពិការ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងក្រុមការងារ សមាគមខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសំណេះសំណាល សាកសួរទុក្ខ ជាមួយបងប្អូនអតីយុទ្ធជន មុខសញ្ញាជនពិការ ក្នុងស្រុកអន្លង់វែង ប្រមាណជាង ៤០០នាក់។
ថ្លែងនៅចំពោះមុខ សមាជិកដែលជាជនពិការ ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ នារសៀលថ្ងៃ ទី០៨ ខែមេសា ឆ្នាំ២០១៩ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ការគិតគូរពីសុខទុក្ខ និងការលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជនទាំងអស់ ឲ្យមានភាពល្អប្រសើរ គឺជាការចង់បានរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេស ការតម្លើងប្រាក់បៀវត្សជូនអតីតយុទ្ធជន ជារៀងរាល់ឆ្នាំដូចមន្រ្តីរាជការដែរ។
ទេសរដ្ឋមន្រ្តី គន់ គីម បានក្រើនរំលឹកលើកទឹកចិត្តចំពោះបងប្អូនពិការទាំងអស់ កុំអស់សង្ឃឹមបើទោះបីយើងពិការតែខ្លួន តែចិត្តរបស់យើងមិនពិការឡើយ ហើយត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គម ដែលកំពុងរីកចម្រើនមួយនេះ ជាពិសេសដើម្បីអនាគតកូនៗយើងតទៅខាងមុខ។
សូមបញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ ទេសរដ្ឋមន្ត្រី គន់ គីម ក្រុមការថ្នាក់ជាតិចុះជួយក្រុង ស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ក៏បានជួបសំណេះសំណាល ជាមួយ អតីយុទ្ធជន នៅតាមក្រុងស្រុករៀងខ្លួនផងដែរ ដែលមានចំនួនសរុប ១,១១៦នាក់ និងបានឧបត្ថមថវិកា អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៤១,៩៤០,០០០រៀល ប្រគល់ជូនដល់អតីតយុទ្ធជន។
ក្នុង ឱកាស នោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីត យុទ្ធជន ដែលរស់នៅទីនេះទាំងអស់ គ្នា សូមជូនពរសុខសប្បាយចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕