(ភ្នំពេញ)៖ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានប្រារព្ធសកម្មភាពសប្បុរសធម៌មួយនៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ជំនួយឧបត្ថម្ភជាសម្ភារ និងថវិកាជូនដល់ប្រជាជនក្រីក្រចំនួន ៦០០គ្រួសារ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៣២,000ដុល្លារ។ នៅក្នុងសកម្មភាពសប្បុរសធម៌នេះ ក៏មានការចូលរួមពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ, លោក លី មីញ នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។
លោក យន្ត មីន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនាំឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើងជាលំដាប់។ ខេត្តព្រះសីហនុដែលមានកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលទទួលបានការកត់សម្គាល់ពីជុំវិញប្រទេស។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន ខេត្តព្រះសីហនុ មានចំនួនស្មើនឹង ៣,០០០ដុល្លារក្នុងម្នាក់ៗ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលខេត្តព្រះសីហនុ បានបន្តទៀតថា បានទោះបីជាយ៉ាងណាក៏ដោយ នៅតែមានប្រជាជនមួយចំនួនតូច នៅខេត្តព្រះសីហនុ ដែលកំពុងស្ថិតក្នុងស្ថានភាពទីទាល់ក្រលំបាក។ បន្ទាប់ពីបានទទួលពាក្យស្នើសុំជំនួយសប្បុរសធម៌ ពីក្រុងព្រះសីហនុ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានបង្កើតក្រុមការងារដើម្បីរៀបចំនូវសម្ភារៈប្រើប្រាស់នានា និងឧបត្ថម្ភជាជំនួយដល់ប្រជាជនក្រីក្រចំនួន៦០០ គ្រួសារនៅក្រុងព្រះសីហនុ ដើម្បីឆ្លងផុតគ្រាលំបាកនេះ។
លោក លី មីញ បានថ្លែងដែរថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលមកប្រទេសកម្ពុជាបួនឆ្នាំហើយ ហើយក្រុមហ៊ុនបានដើរតួជាសាក្សី ក៏ដូចជាអ្នកចូលរួមចំណែក ក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ទីក្រុងភ្នំពេញ និងទីក្រុងព្រះសីហនុ។ ផែនការ១០ ឆ្នាំដំបូងរបស់ក្រុមហ៊ុន មានយុទ្ធសាស្ត្រធ្វើការវិនិយោគជាទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ និងវិនិយោគសរុប ៥ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់របស់ប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងផ្តល់ថវិកា ១០លានដុល្លារអាមេរិក ដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ការអភិវឌ្ឍនៃវិស័យសប្បុរសធម៌នៅកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតឱកាសការងារជាង ២០,០០០កន្លែង ដែលនឹងបង្កើនអត្រាការងាររបស់ប្រជាជនកម្ពុជានៅក្នុងរយៈពេល១០ឆ្នាំ។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេលកន្លងមកនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយបានគាំទ្រដល់ការ អភិវឌ្ឍវិស័យ សប្បុរសធម៌របស់កម្ពុជាក្នុងគ្រប់ទិដ្ឋភាព រួមបញ្ជូលការកសាងផ្លូវថ្នល់ ការបរិច្ចាគជាថវិកាឧបត្ថម្ភការសិក្សា និងការផ្ដល់ជាជំនួយដល់ប្រជាពលរដ្ឋក្រីក្រ។ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើដំណើរទៅកាន់ស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតអង្គការមូលនិធិសប្បុរសធម៌មក អង្គការក៏បានបង្កើតសកម្មភាពសប្បុរសធម៌ជាង ២០០កម្មវិធី ហើយបានផ្តល់ជំនួយឧបត្ថម្ភជាថវិកា និងសម្ភារៈសរុបជាង ៦លានដុល្លារអាមេរិក។
អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នៅពេលអនាគត នឹងបន្តធ្វើជាអ្នកត្រួសត្រាយ និងជាអ្នកអនុវត្តក្នុងកិច្ចការសប្បុរសធម៌ បន្តជំរុញគុណធម៌ និងប្រពៃណីរបស់ប្រទេសចិន ព្រមទាំងការតបស្នងមកកាន់សង្គមកម្ពុជាវិញ៕