(ភ្នំពេញ)៖ ក្រៅពីគុណភាពផ្ដល់សេវាសុភាពជូនប្រជាពលរដ្ឋ ក្នុងនាមជាគ្រូពេទ្យ ត្រូវតែព្យាយាមពន្យល់ណែនាំ ផ្ដល់ប្រឹក្សាដល់អ្នកជំងឺ ពិសេសគ្រួសារអ្នកជំងឺ ឱ្យយល់ពីស្ថានភាពជំងឺ ការថែរក្សា ការព្យាបាល ពិសេសសុខភាព នៃការរស់នៅប្រចាំរបស់ពួកគាត់។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា ការអប់រំ ផ្ដល់ប្រឹក្សាដល់អ្នកជំងឺ និងគ្រួសាររបស់គេ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីបញ្ជៀបការយល់ដឹងពីសុខភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ របស់គាត់ ដែលអាចជៀសផុតពីជំងឺនានាៗផងដែរ។
ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញសម្ពោធគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (Enhancing Quality of Healthcare Activity EQHA) និងគម្រោងលើកកម្ពស់ ឥរិយាបថប្រកបដោយសុខុមាលភាព (Promoting Healthy Behaviors-PHB) របស់ទីភ្នាក់ងារអាមេរិក ដើម្បីការភិវឌ្ឍន៍អន្តរជាតិ (USAID) នៅសណ្ឋាគារសូហ្វីតែល នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ទៀតថា «ដើម្បីលើកកម្ពស់ចំណេះដឹងសុខភាព និងឱ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ ពិសេសនៅតាមទីដាច់ស្រយាល ធ្វើម៉េចយើងត្រូវខិតខំអប់រំណែនាំ ដល់ពួកគាត់ឱ្យច្រើន ដើម្បីផ្លាស់ប្ដូរឥរិយោបថ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព ទោះត្រូវទាមទារពេលវេលាយូរក៏ដោយ ក៏យើងត្រូវតែចូលរួមទាំងអស់គ្នា ទើបការងារដែលយើងអនុវត្ដន៍ ទៅនេះ នឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ជូនដល់ប្រជាពលរដ្ឋ»។
ជាងនេះទៅទៀតត្រូវពន្យល់ដល់ពួកគាត់ថា «បុគ្គល ជាគ្រូពេទ្យចំណានជាជាងគ្រូពេទ្យ» មានន័យថា បុគ្គល គឺជាគ្រូពេទ្យដែលថែទាំសុខភាពខ្លួនឯងបានយ៉ាងល្អប្រសើរ ជាជាងគ្រូពេទ្យនៅតាម មន្ទីរពេទ្យ កុំអាងគ្រូពេទ្យពេក ពិតណាស់ថា ពេលឈឺត្រូវតែមកមន្ទីរពេទ្យធ្វើការព្យាបាលឱ្យជាសះស្បើយ តែបើយើងខ្លួនឯង ចេះការពារថែរក្សាសុខភាពខ្លួនឯងបានយ៉ាងល្អ នឹងអាចជៀសផុតពីការបង្កជំងឺផ្សេងៗ ហើយយើងខ្លួនឯង ក៏ចំណេញនូវថវិកា និងពេលវេលាប្រកបការងារប្រចំាថ្ងៃផងដែរ»។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត។
ទន្ទឹមនឹងនោះ លោកស្រីក៏បានស្នើដល់ដៃគូពាក់ព័ន្ធ បន្ដជួយលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាបន្ថែមទៀត បន្ថែមពីលើគម្រោងសុខភាពថ្មីទាំងពីររបស់ USAID ដែលតែងតែចូលរួមចំណែក យ៉ាងសកម្មជាមួយក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG targets) របស់វិស័យសុខាភិបាល និងផែនការគ្របដណ្តប់ សេវាសុខភាពជាសាកល (Universal Health Coverage) ទៅតាមគោលដៅដែលបានកំណត់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើដល់បុគ្គលិក មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ផ្តល់ការគាំទ្រ និងសហការឲ្យបានល្អប្រសើរ ក្នុងការអនុវត្តគម្រោងសុខភាពទាំងពីរនេះ ក៏ដូចជាគម្រោង និងអន្តរាគមន៍នានា ដែលមានស្រាប់នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ពេលត្រលប់ទៅកាន់មូលដ្ឋានវិញ ចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា ថែទាំសុខភាព ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន។
ក្នុងឱកាសនោះផងដែរ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវ ថែរក្សាអនាម័យ ការការពារសុខភាព ពិសេសប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវក្ដៅនេះ ពិសាទឹកឱ្យបានច្រើន ហើយជាទឹកស្អាត និងមានជាតិរ៉ែច្រើន បរិភោគស្អាត រស់នៅស្អាត ពិសេសក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍គ្រប់ពេលបើកបរ ហើយបើពិសាស្រា សូមកុំបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕