(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នាពេលខាងមុខនេះ។
នៅក្នុងសារលិខិតជូនពរ, សម្ដេចពញាចក្រី ហេង សំរិន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នាពេលខាងមុខនេះ តាងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាមទុង្សាទេវី សូមតាមជួយអភិបាលថែរក្សាការពារប្រោសព្រំសព្ទសាធុការពរជ័យ ជូនចំពោះ សម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចវិបុលសេនាភក្តី ទទួលនូវការស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ៕
ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់សម្ដេចពញាចក្រី ហេង សំរិន៖