សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រេចបង្កើត គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា
09-04-2019 13:16
(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសម្រេចបង្កើត «គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា» ដើម្បីជាវេទិកាប្រមូលផ្តុំចងក្រងសមាជិកសារព័ត៌មាន ក្នុងគោលដៅបំពេញគ្នាទៅវិញទៅមក និងរួមចំណែកពង្រឹងតួនាទីផ្សព្វផ្សាយ របស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ស.ស.ស.ក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
ស.ស.ស.ក បានបញ្ជាក់ទៀតថា ការបង្កើត គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា គឺស្របតាមភាពចាំបាច់ និងបរិបទជាក់ស្តែង នៃការវិវត្តន៍បច្ចេកវិទ្យាក្នុងសារព័ត៌មាន ដើម្បីបំពេញបន្ថែមដល់អង្គភាពសារព័ត៌មាន អនឡាញនៅកម្ពុជា តាមរយៈការផ្តល់មធ្យោបាយគាំទ្រនានា ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល, រកវិធីគាំទ្រផ្នែកហិរញ្ញវត្ថុនិងការដឹកនាំ, ការផ្លាស់ប្តូរបទពិសោធន៍, ការការពារសិទ្ធិ, និងការលើកកម្ពស់តួនាទីនៃការផ្សព្វផ្សាយ ដែលមានគុណតម្លៃដល់សង្គមជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ស.ស.ស.ក បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា នឹងប្រើប្រាស់ឱកាសនេះ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួន ឲ្យកាន់តែមានតម្លៃខ្ពង់ខ្ពស់ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.ស.ក ទាំងស្រុង៖