(ភ្នំពេញ)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយ សរុបមានចំនួន៦៥០អង្គភាព ដោយក្នុងនោះ កាសែតផ្សាយជាភាសាខ្មែរ ៤១១អង្គភាព និងកាសែតផ្សាយ ជាភាសាបរទេស២៥អង្គភាព។
ការលើកឡើងរបស់លោក ផុស សុវណ្ណ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្ររបស់សារព័ត៌មាន ASEAN TOP News ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
លោក ផុស សុវណ្ណ បានបញ្ជាក់ថា «នៅកម្ពុជា វិស័យប្រព័ន្ធផ្សព្វផ្សាយ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយសរុបមានចំនួន៦៥០អង្គភាព ក្នុងនោះ កាសែតផ្សាយ ជាភាសាខ្មែរ ៤១១អង្គភាព កាសែតផ្សាយជាភាសាបរទេស២៥អង្គភាព ទស្សនាវដ្ដី១៩៤អង្គភាព និងព្រឹត្តបត្រព័ត៌មាន២០អង្គភាព»។
លោក ផុស សុវណ្ណ បានបន្ថែមទៀតថា «សមាគមអ្នកសារព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា ៤១អង្គភាព។ ចំណែកវិទ្យុ មានចំនួន២២០ស្ថានីយ ទូរទស្សន៍១៩ស្ថានីយទូរទស្សន៍ ផ្កាយរណប០៣ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay-TV) ០៨ស្ថានីយ ទូរទស្សន៍អនឡាញ៤៨អង្គភាព»។
លោកថា ការិយាល័យទីភ្នាក់ងារសារព័ត៌មានបរទេស ការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍ បរទេសប្រចាំការអចិន្ត្រៃយ៍ សរុបមានចំនួន២១អង្គភាព ដែលក្នុងនោះ ក៏មានផងដែរ វិទ្យុអន្តរជាតិចិន (CRI) និងអង្គភាព សារព័ត៌មានចិន ជាច្រើនផ្សេងទៀតផងដែរ។ ក្រៅពីនេះ មានស្ថាប័នរដ្ឋ និងឯកជនរបស់ចិន ជាច្រើនផងដែរ ដែលបាននិងកំពុង ធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយក្រសួងព័ត៌មានកម្ពុជា។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន រូបនេះ បានគូសបញ្ជាក់ថា តាមរយៈការរីកចម្រើន ខាងវិស័យព័ត៌មាន និងសោតទស្សន៍នេះ គឺបានបញ្ជាក់ឲ្យពិភពលោក បានដឹងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើសេរីភាពសារព័ត៌មាន។
កម្ពុជា ក៏បានត្រៀមរៀបចំ ធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ត្រៀមរៀបចំតាក់តែង ច្បាប់ស្តីពីសោតទស្សន៍ ច្បាប់ស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំរុញគាំទ្រការគោរពជំនាញ វិជ្ជាជីវៈសារព័ត៌មានដើម្បីធានាបានសារព័ត៌មានកាន់តែមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ផុស សុវណ្ណ។
លោកថា ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស ធានាបានយូរអង្វែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារ និងលើកកម្ពស់ បង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនបរទេស ដែលក្នុងនោះ មានទាំងវិនិយោគិន និងប្រជាជនចិនជាច្រើន ហើយការប្រើប្រាស់ភាសាចិននៅកម្ពុជា កាន់តែមានការយកចិត្តទុកដាក់ខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ៕