(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងណែនាំឲ្យមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវពង្រឹងសមត្ថភាពការងារបន្ថែម លើសមិទ្ធផលដែលទទួលបាននាពេលកន្លងមក។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល អបអរសាទរ និងផ្ដល់រង្វាន់ដល់នាយកល្អ គ្រូល្អ សិស្សឆ្នើម កាលពីរសៀ លថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមលោក លី ម៉េងសាន បានឲ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាល បានកំណែទម្រង់លើវិស័យអប់រំពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៩នេះ ជ័យលាភី ដែលមន្ទីរអប់រំខេត្ត ទទួលបានមានដូចជា នាយកល្អចំនួន ៤នាក់, គ្រូល្អចំនួន ៣នាក់, គ្រូឆ្នើមចំនួន ៥នាក់, ស្មូត្រ ១នាក់, អំណាន ១នាក់, ផ្នែកគំនូរ ៨នាក់, ផ្នែកស្មូតកំណាព្យចំនួន ៣នាក់, ផ្នែកបរិស្ថានសាលាស្អាតចំនួន ១សាលា។
ដោយឡែក ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នេះ មន្ទីរអប់រំខេត្តកំពង់ចាម ទទួលបានជ័យលាភី ផ្នែកអំណានទទួលបានចំណាត់ថ្នាក់លេខ ៣ទូទាំងប្រទេស គ្រូឆ្នើមផ្នែកភាសាខ្មែរទទួលបានចំណាត់ ថ្នាក់លេខ ១ទូទាំងប្រទេស គ្រូឆ្នើមផ្នែកគណិតវិទ្យាទទួលបានចំណាត់ថ្នាក់លេខ ៥ទូទាំងប្រទេស គ្រូល្អទទួលបានចំណាត់ថ្នាក់លេខ ៣ទូទាំងប្រទេស នាយកល្អទទួលបានចំណាត់ថ្នាក់លេខ ៣ ទូទាំងប្រទេស សាលារៀនដែលមានបរិស្ថានស្អាតទទួលបានចំណាត់ថ្នាក់ល្អ។
ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា ការចូលរួមពីសហគមន៍ជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍អាជ្ញាធរដែនដី សប្បុរសជន មាតាបិតាយុវជន និងសិស្ស និស្សិតទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំយុវជន និងកីឡា នៅក្នុងខេត្តកំពង់ចាមឲ្យមានភាពរីកចម្រើនគួរជាទីមោទន។
រង្វាន់ដែលត្រូវផ្តល់ជូនអ្នកទទួលបានជ័យលាភី គឺគ្រូឆ្នើម ផ្នែកភាសាខ្មែរទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស បានទទួលថវិកាចំនួន ២ លាន៥ សែនរៀល និងចំណាត់ថ្នាក់បន្ត បន្ទាប់ទៀតនោះទទួលបានប្រាក់រង្វាន់ជាថវិកាចំនួន១លាន៥សែនរៀល។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានថ្លែង ណែនាំឲ្យមន្ត្រី នៃមន្ទីរអប់រំត្រូវចេះពង្រឹងការងារបន្ថែមលើសមិទ្ធផលដែលទទួលបានផងដែរ ក្នុងនោះ ដូចជាបញ្ហាប្រាក់បៀវត្ស . បញ្ហាកំណែទម្រង់សិស្ស និងបញ្ហាការផ្ទេរគ្រូបង្រៀនជាដើម ពោលគឺ ប្រែក្លាយពីពាក្យថា មន្រ្តីច្រើន បញ្ហាច្រើន ឲ្យទៅជាមន្រ្តីច្រើនបង្កើនប្រសិទ្ធផលការងារបានច្រើនវិញ៕