(ភ្នំពេញ)៖ អគារវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្ពោធបើកឲ្យដំណើរការ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំ បុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា អគារទាំង២នេះ ត្រូវបានរៀបចំ និងកសាងឡើង ក្នុងបរិការណ៍មួយ ដែលកម្ពុជាបាន និងកំពុងតែគ្របដណ្តប់ដោយសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និង នីតិរដ្ឋកាន់តែរឹងមាំ ព្រមទាំង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលផ្តល់ភាពអនុគ្រោះ ទ្រទ្រង់ដល់កំណើន ក៏ដូចជាទ្រទ្រង់ដល់ការអភិវឌ្ឍធនធានមនុស្ស និង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងផ្តោតអាទិភាពលើការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចមានចែងក្នុង យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដើម្បីកំណើន, ការងារ, សមធម៌, និង ប្រសិទ្ធភាព ។
លោកបានបន្ថែមថា អគារទាំង២នេះ នឹងបម្រើឱ្យគោលនយោបាយអាទិភាពតែមួយ របស់រាជរដ្ឋាភិបាល និងមានភារកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង ក្លាយជាកន្លែងផ្តល់ឱកាស ដល់និស្សិតសម្រាប់ធ្វើកម្មសិក្សា, កន្លែងសម្រាប់ធ្វើការ និង ស្រាវជ្រាវ, កន្លែងផ្តល់ការ ប្រឹក្សាយោបល់ ទាំងបច្ចេកទេស និង ការគ្រប់គ្រងធុរកិច្ច និង ជាកន្លែងផ្សារភ្ជាប់សាកលវិទ្យាល័យ ទៅនឹងទីផ្សារការងារ និង ជាមួយវិស័យឯកជន។
ជាការបំពេញឱ្យគ្នាទៅវិញទៅមក និស្សិតដែលនឹងសិក្សា ក្នុងអគារវិទ្យាសាស្ត្រ ក៏នឹងក្លាយជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់មជ្ឈមណ្ឌលផងដែរ។
អគារវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រើប្រាស់ថវិកាទាំងស្រុង របស់រាជរដ្ឋាភិបាលកម្ពុជាមានទំហំ ៦,៧២០ ម៉ែត្រក្រឡា កម្ពស់០៨ជាន់ រួមទាំងជាន់ផ្ទាល់ដី ហើយនឹងត្រូវប្រើប្រាស់ជារួម សម្រាប់មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង មហាវិទ្យាល័យវិស្វកម្ម ដើម្បីចូលរួមណែកក្នុងការអភិវឌ្ឍធនធានមនុស្ស, ពិសេស តាមរយៈការបន្តពង្រឹងគុណភាពវិស័យអប់រំផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ វត្តមានអគារវិទ្យាសាស្ត្រថ្មីនេះបានបង្ហាញយ៉ាងច្បាស់ថា អនាគតនៃការអប់រំផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និង គណិតវិទ្យា កំពុងចាប់ផ្តើមលេចចេញជារូបរាងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។
ចំណែកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ត្រូបានបង្កើតឡើងជាមួយនឹងបេសកកម្មបង្កើត និង បណ្តុះធុរកិច្ចថ្មី ឱ្យលូតលាស់ ក្លាយជាអាជីវកម្មជោគជ័យ តាមរយៈការអនុវត្តគោលការណ៍នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីជឿនលឿន ក្រោមកម្មវិធីគាំទ្រច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ រួមទាំងវិស័យសេដ្ឋកិច្ចឌីជីថលផង។
មជ្ឈមណ្ឌលនេះ នឹងបន្តពង្រីកវិសាលភាពសកម្មភាពការងាររបស់ខ្លួន និងធ្វើកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលដ៏ទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសដល់គ្រប់និស្សិត ឱ្យទទួលបាននូវសេវា និងធនធានរបស់មជ្ឈមណ្ឌល៕