(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦២ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ។
ពិធីនេះបានប្រារព្ធធ្វើនៅទីស្តីការក្រសួង ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៧អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីនៃម្ពុជា។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត។
នៅក្នុងពិធីនេះដែរ លោក វង សូត និងលោកស្រី និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានអញ្ជើញចូលរួមបានអញ្ជើញ រាប់បាតដល់ព្រះសង្ឃ ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក័ន្ខបុព្វការីជនមានមាតាបិតាជីដូនជីតានិងញាតិកាទាំង៧សន្តានផងដែរ។
នៅក្នុងឱកាសដែរ ក៍មានការសម្តែងនូវរបាំជូនពរ បាំឆៃយំា និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់រដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅទីស្ដីក្រសួងសង្គមកិច្ចរួចហើយ រដ្ឋមន្ត្រី វង សូត ក៏បានរៀបចំពិធីជប់លៀង ជូនដល់មន្រ្តីក្រសួងទាំងអស់ ដើម្បីជាការ លើកទឹកចិត្ត ដែលបានបំពេញការងារ ទាំងកម្លាំងកាយចិត្ត៕