(ក្រចេះ)៖ រដ្ឋបាលសាលាខេត្តក្រចេះ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ និងរំលឹកគុណដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារី ពលីបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ។
ពិធីនេះដែរធ្វើនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្ត និងលោកស្រី, លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី រួមមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទក្នុងខេត្ត និងតាជីយាយជីផងដែរ។
ពិធីនេះតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្រ្តីរាជការសាលាខេត្ត អង្គភាពជុំវិញខេត្ត ធ្វើការបន់ស្រន់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាក្ខន្ធ ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធ ជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ជាមួយគ្នានេះដែរលោក វ៉ា ថន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងខេត្តទាំងអស់សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តក្រចេះអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ស្របទៅនឹងយុទ្ធចតុកោណរបស់រាជរដ្ឋាបាលកម្ពុជា ក្រោមដំបូលសន្តិភាពរបស់ប្រជាជាតិ៕