(កណ្តាល)៖ មន្រ្តីសាខាកាំកុងត្រួលខេត្តកណ្តាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុង ផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែលទ្ធផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំងនោះឡើយ។
មន្រ្តីសាខាកាំកុងត្រូលកណ្តាល បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ រួមមាន៖ គ្រឿងកំប៉ុង និងគ្រឿងឧបភោគ បរិភោគដែលដាក់តាំងលក់នៅក្នុង ផ្សារតាខ្មៅ ក្រុងតាខ្មៅ គឺរកមិនឃើញមានផលិតផលណាមួយហួសកាលបរិច្ឆេទ និងខូចគុណភាពនោះឡើយ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារតាខ្មៅ ដើម្បីឱ្យពួកគាត់បានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕