(កំពត)៖ ធុងដាក់សម្រាមចំនួន ២០០ធុង និងម៉ូតូចំនួន ១០គ្រឿង ព្រមទាំងថវិកា៣ម៉ឺនដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន «កំពតស្ថានសួគ៌» ផ្តល់ជូនរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ក្រោមការចូលរួមទទួលដោយលោក ជាវ តាយ អភិបាលខេត្ត។
ក្នុងពិធីប្រគល់-ទទួលលោក ជាវ តាយ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន «កំពតឋានសួគ៌» ដែលបានផ្ដល់ធុងសម្រាម និងម៉ូតូព្រមទាំងថវិកា ដើម្បីជាការរួមចំណែកជាមួយ រដ្ឋបាលខេត្តកំពត ក្នុងការថែរក្សាអនាម័យបរិស្ថាន ក៏ដូចជាការរួមចំណែកកិច្ចអភិវឌ្ឍខេត្ត បានកាន់តែរីកចម្រើនថែមទៀត សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។
ពិសេសការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដែលបច្ចុប្បន្នកំពង់តែតម្រូវការនូវធុងសម្រាម សម្រាប់ដាក់តាមដងផ្លូវ និងសួនសាធារណៈក្នុងក្រុងកំពត នាឱកាសដែលរដ្ឋបាលខេត្ត នឹងត្រូវប្រារព្ធធ្វើនូវព្រឹត្តការណ៍កំពតសង្ក្រាន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានមកដល់ខាងមុខនេះ ក៏ដូចជាការរៀបចំព្រឹត្តការណ៍ ពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះផងដែរ។
លោកអភិបាលខេត្ត ក៏បានជូនពរដល់ក្រុមហ៊ុន និងសហការីទទួលបាននូវពរទេវតាឆ្នាំថ្មីខាងមុខ និងប្រកបការងារអាជីវកម្មរកស៉ីរបស់ខ្លួនទទួលបានជោគជ័យ។
ក្នុងឱកាសនោះតំណាងក្រុមហ៊ុនកំពត ស្ថានសួគ៌ក៏បានសំដែងការកោតសរសើរ ពីភាពរីកចម្រើនរបស់ខេត្តកំពតបច្ចុប្បន្ន និងពីបំណងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្រុងកំពត អោយបានកាន់តែមានភាពទាក់ទាញពិសេសក្នុងឱកាសនាកំពតសង្ក្រាន្តឆ្នាំ២០១៩នេះបានកាន់តែប្រសើរឡើងថែមទៀតផងដែរ៕