(ហ្សឺណែវ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍បានធ្វើបទបង្ហាញ ផ្តល់នូវបទពិសោធន៍ជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់សកលស្តីពី «ការគូសវាសផ្លូវដើរទៅកាន់លទ្ធផល នៃការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយចីរភាព ក្នុងយុគសម័យគោលដៅ អភិវឌ្ឍបករកបដោយចីរភាព» ដែលប្រជុំនេះធ្វើឡើង នៅរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Grand Hotel Kempinsky Geneva ប្រទេសស្វីស ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ៨ ដល់១០ ខែមេសា។
លោកទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដែលមានចំណងជើងថា «ឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា: អនុសាសន៍ក្នុងការរៀបចំខ្លួនសម្រាប់ការ ផ្ទេរដំណាក់ កាល និងផែនទីបង្ហាញផ្លូវទៅកាន់ចីរភាព» ដល់កិច្ច ប្រជុំ។ បទបង្ហាញបានធ្វើឡើងបន្ទាប់ពីអង្គការ UNAIDS បានផ្តល់នូវវិញ្ញាបន បត្រទទួលស្គាល់នូវតួនាទី ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកប ដោយការប្តេជ្ញាចិត្តនយោបាយ និងមគ្គុទ្ទេសក៍ភាពក្នុងការធ្វើឲ្យសម្រេចគោលដៅ ៩០-៩០-៩០។ (៩០%នៃអ្នកផ្ទុក មេរោគអេដស៍បានដឹងពីស្ថានភាព ជំងឺអេដស៍របស់ខ្លួន ៩០% នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាបបំផុត នៅក្នុងឈាម)។
លោកទេសរដ្ឋមន្ត្រីក៏បានថ្លែង ទៅកាន់កិច្ចប្រជុំថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ជា ស្ថាប័នជាតិដែលដឹកនាំ និងសម្របសម្រួល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ជាពហុវិស័យ។ គោលការណ៍ដឹកនាំរបស់អាជ្ញាធរគឺ វិធីសាស្ត្រផ្តោតលើមនុស្ស ប្រសិទ្ធផល ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងតួនាទី និងការ ទទួលខុសត្រូវរួមមាន: មគ្គុទ្ទេសក៍ភាព ភាពជាម្ចាស់ ភាពជាដៃគូ សម្របសម្រួលក្នុងការធ្វើចលនាប្រភពធនធាន (ជាមួយក្រសួង ខេត្ត អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល)។
នៅក្នុងសេចក្តីសន្និដ្ឋាន លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបញ្ចប់អេដស៍ និងធ្វើឱ្យមានចីរភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ រាជរដ្ឋា ភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ៦ចំណុច ដើម្បីធានាចីរភាពក្នុងការប្រយុទ្ធនឹងជំងឺ អេដស៍ជាលក្ខណៈពហុវិស័យផងដែរ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍កើតចេញ ពីចំណុចសំខាន់៣គឺ ១) ការប្តេជ្ញាចិត្តខាង នយោបាយ ២) ភាពជាដៃគូ (រាជរដ្ឋាភិបាលធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ ប្រទេសម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល) និង ៣) ការវិនិយោគដើម្បីឈានទៅបញ្ចប់អេដស៍៕