(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួបថា លោកស្រី បានគោរពជម្រាបជូនសម្តេចតេជោដោយ UN-ESCAP ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោកស្រី បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសមត្ថភាពពេញលេញ។ ពីនេះទៅទៀតកម្ពុជាក៏បានទទួលនូវការអភិវឌ្ឍន៍ នៅលើវិស័យជាច្រើន។ ក្នុងន័យនេះដែរ លោកស្រី ក៏បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអង្គការសហប្រជាជាតិ អង្គការ UN-ESCAP ផងដែរ។
បន្ថែមលើនេះ លោកស្រីក៏បានឆ្លៀតឱកាសនោះដែរ សំដែងការថ្លែងអំណរគុណ ជូនសម្ដេចតេជោដែលបានបង្កើតគណៈកម្មការជាតិសម្រាប់ UN-ESCAP ដែលគណៈកម្មការនេះ បានកកើតឡើងតាំងពីឆ្នាំ២០០៨ ដោយបានសម្របសម្រួល និងជំរុញការងារយ៉ាងជិតស្និត រវាងអង្គការ UN-ESCAP និងរដ្ឋាភិបាលកម្ពុជា។
លោកស្រី ក៏បានទទួលស្គាល់ផងដែរនូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមទំនាក់ទំនងរវាងកម្ពុជា និង UN-ESCAP និងកម្ពុជា-អាស៊ាន និងUN-ESCAPផងដែរ។ លោកស្រី បានគោរពជូនចំពោះសម្តេចតេជោថា UN-ESCAP ដោយពេញចិត្ត និងបន្តសហការជាមួយនឹងកម្ពុជាទៀត ទាំងទ្វេភាគីទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញ គោលដៅអភិវឌ្ឍន៍ ដោយចីរភាព របស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជាមួយនឹងការលើកឡើងរបស់លោកស្រី ហើយបានជម្រាបលោកស្រីផងដែរថា ជាការពិតណាស់ មិនមានប្រទេសច្រើនទេ ដែលបង្កើតគណៈកម្មការជាតិ សម្រាប់ធ្វើការសម្របសម្រួល ជាមួយនឹង UN-ESCAP ហើយមិនតែប៉ុណ្ណោះទេ កម្ពុជាបានសហការយ៉ាងល្អជាទីបំផុត ជាមួយនឹងភ្នាក់ងារ UN ទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ជាអាទិ៍ជារៀងរាល់ឆ្នាំ តែងតែមានកិច្ចប្រជុំរវាងភ្នាក់ងារ UN ទាំងអស់ជាមួយនឹងនាយករដ្ឋមន្ត្រី ហើយនៅពេលនេះ មិនមែនជាកិច្ចប្រជុំទេ ត្រូវបានលើកកម្ពស់ ដូចជា វេទិកាតែម្ដង ហើយគោលដៅ នៃព្រឹត្តិការណ៍រវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្ដេចតេជោនេះ គឺធ្វើយ៉ាងណាសហការជំរុញនូវប្រសិទ្ធភាពការងារឲ្យកាន់តែខ្ពស់ថែមទៀត។
ពីនោះទៅទៀតសម្តេចតេជោ ក៏បានជម្រាបជូនលោកស្រីផងដែរថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ជាមួយនឹងអង្គការសហប្រជាជាតិ មិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះទេ ក៏បានចូលរួមចំណែកថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ៕