(កណ្តាល)៖ ដើម្បីផ្ដល់ជាកាដូក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់។
សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ដែលពិធីនេះក៏មានការអញ្ជើញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ព្រមទាំងនាយទាហាន នាយរងទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការណែនាំជាប្រចាំរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ធ្វើឱ្យនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ កងរាជអាវុធហត្ថខេត្តកណ្តាលយ៉ាងច្រើនកុះករ បានមកចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
លោកមេបញ្ជាការបានបន្ថែមថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារ និងបម្រើប្រជាជន។
ជាមួយនោះ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
សូមបញ្ជាក់ថា ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរ នាយ នាយរងអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗរបស់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងបានផ្តល់កម្លាំងចិត្តដល់បងប្អូនចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោកមេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់ផងដែរ៕