(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០១៨ កន្លងទៅ សមាគម-អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនសរុប ៥,៥២៣អង្គភាព និងសមាគម-អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួនសរុប ៤១៩អង្គភាព។
តួលេខនេះត្រូវបានបង្ហាញក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្រោមប្រធានបទស្តីពី «ភាពជាដៃគូប្រកបដោយការទទួលខុសត្រូវ»។ ពិធីនេះធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមដំណាច់ឆ្នាំ២០១៨ កន្លងទៅ សមាគម-អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប ៥,៥២៣អង្គភាព និងសមាគម-អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបាន ចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួនសរុប ៤១៩អង្គភាព»។
លោកបានបន្តថា ក្នុងចំណោមសមាគម-អង្គការទាំងនោះ សមាគម-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន ៧២៩អង្គភាព បាននិងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមានដោយគ្មានការហាមឃាត់ ឬការរារាំងណាមួយឡើយ។
លោកបានបញ្ជាក់ថា តាមរយៈតួលេខខាងលើបានបង្ហាញថា ចំនួនសមាគម-អង្គការមិនមែនរដ្ឋាភិបាលគ្មានការថយចុះ ដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួន ដែលជាញឹកញាប់តែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ពីការដាក់កំហិតលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
បើតាមលោកអភិបាលរាជធានីភ្នំពេញ សម្រាប់វេទិកាពិគ្រោះយោបល់ជាមួយសមាគ-អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញក្នុងថ្ងៃនេះ គឺជាលើកទី១ សម្រាប់ឆ្នាំ២០១៩ និងជាលើកទី២ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីជំនួបនៃវេទិកាលើកដំបូង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ និងក្រោយពេលដែលក្រសួងមហាផ្ទៃ ទើបតែបានរៀបចំវេទិកានេះជាលើកទី២ កាលពីថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩កន្លងទៅ៕